(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវប្រើប្រាស់តួនាទីភារកិច្ច ក្នុងការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងមានភាពឆ្លាតវៃ ក្នុងការទំនាក់ទំនង គៀរគររកប្រភពចំណូល ដើម្បីយកមកអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន ឱ្យមានការរីកចម្រើន។
ការណែនាំរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅសាលប្រជុំសាលាស្រុកកណ្តៀង ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ទូទាំងស្រុកកណ្តៀង ចំនួន៧៤រូប ដោយបានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះដែរ លោក ខូយ រីដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង៩ នៃស្រុកកណ្តៀង ចំនួន៧៤រូប ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយភាពកក់ក្តៅ និងជឿជាក់ មកលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាការពិតណាស់ថា ស្រុកកណ្តៀង គឺជាស្រុកលេខ១នៅទូទាំងប្រទេស ដែលមានសម្លេងគាំទ្រច្រើនលើសលប់ មកលើគណបក្សប្រជាជនកម្ពុជា។ នេះដោយសារការខិតខំប្រឹងប្រែង និងសាមគ្គីភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវរួម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កាន់តែល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកនេះ។
លោកអភិបាលខេត្តពោធិ៍សាត់ ក៏បានស្នើដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុកទាំងអស់ ត្រូវបន្តអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវខិតខំដោះស្រាយទំនាស់នៅមូលដ្ឋាន ឱ្យអស់លទ្ធភាព ព្រោះថាការដោះស្រាយសម្រុះសម្រួលគ្នា តាមរយៈគោលនយោបាយឈ្នះឈ្នះ ពិតជាផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ប្រសើរជាងឡើងតុលាការ។
ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវក្តាប់សភាពការណ៍ប្រឈម ដែលដែលកើតមាននៅមូលដ្ឋាន ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា និងត្រូវផ្សព្វផ្សាយ ព្រមទាំងចលនាឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន ដើម្បីឱ្យភូមិដ្ឋានរបស់យើងមានអនាម័យបរិស្ថានល្អ មានផាសុកភាព សម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព ជៀសផុតពីការឆ្លងជំងឺទាំងឡាយ៕