(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយអង្គការសកម្មភាពដើម្បីកុមារ APLE នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការស្វែងយល់ និងឆ្លេីយតបបែបកុមារមេត្រី ចំពោះបទល្មេីសកេងប្រវ័ញ្ចផ្លូវភេទលេីកុមារ លើគ្រប់រូបភាព ជូនដល់សិក្ខាកាមដែលជាកងកម្លាំងនគរបាល នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះដែរបានធ្វើឡើងក្រោមវត្តមានលោកស្រីឧត្ដមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការងារយេនឌ័រ និងដោយមានការចូលរួមពីលោកវរសេនីយ៍ឯក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងលោក ផៃ សុភ័ក្ត្រ ប្រធានកម្មវិធីអង្គការ APLE រួមទាំងមានសិក្ខាកាមជានគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការងារយ៉េនឌ័រនៃអធិការដ្ឋាននគបាលក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាលប្រមាណ ៣០នាក់។
បើតាមលោក ផៃ សុភ័ក្ត្រ បានឱ្យដឹងថា អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ បានក្លាយជាបញ្ហាសាកល និងនៅក្នុងប្រទេសកម្ពុជា។ អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក៏បានក្លាយជាក្តីបារម្ភថ្មី មួយទៀតដែលទាមទារអោយភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនេះ។ តំណភ្ជាប់អ៉ីនធឺណិតនៅកម្ពុជាបានកើនឡើងជាលំដាប់ ហើយមនុស្សកាន់តែច្រើនឡើងៗរួមទាំងកុមារមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
នាឱកាសនោះលោកស្រីឧត្ដមសេនីយ៍ត្រី ឈឹម វណ្ណនី ក៏បានឱ្យដឹងដែរថា ការជួយកុមាររងគ្រោះជាអនិកជន គឺជាកាតព្វរបស់មន្ត្រីសមត្ថកិច្ចដែលជាអ្នកអនុវត្តន៍ច្បាប់ ហើយកងកម្លាំងសមត្ថកិច្ច មាសនតួនាទីសំខាន់ណាស់ក្នុងការការពារ សុខសន្តិភាព សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ហើយការបំពេញភារកិច្ចរបស់មន្ត្រីនគរបាល គឺត្រូវតែអនុវត្តន៍តាមបញ្ជាររបស់ថ្នាក់ដឹកនាំ ដើម្បីធានាថា មិនខុសនឹងច្បាប់របស់កងកម្លាំង។
លោកស្រីឧត្ដមសេនីយ៍ត្រី ឈឹម វណ្ណនី ក៏បានណែនាំដល់សិក្ខាកាមជានគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ ស្តាប់ នឹងក្រេបយកចំណេះដឹងដែលវាគ្មិនបានបង្ហាញ ឱ្យបានគ្រប់សកម្មភាព ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់យកទៅធ្វើការអនុវត្តន៍នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
បើតាមរបាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារ APLE បានបង្ហាញថា ការសិក្សាថ្មីលើការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា បានបង្ហាញថា កុមារជាង ៨០%ដែលមានអាយុចន្លោះពី១២ឆ្នាំ ទៅ ១៧ឆ្នាំ បានប្រើប្រាស់ និងភ្ជាប់អ៉ីនធឺណិតច្រើនជាងមនុស្សពេញវ័យ។ ខណៈពេលដែលកុមារ និងក្មេងវ័យជំទង់ បានចំណាយពេលវេលាច្រើន លើការ ប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិត ពួកគេភាគច្រើនមិនបានដឹងពីហានិភ័យ និងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនោះទេ។ ល្បិចកល និងអំពើនៃការរំលោភបំពានផ្លូវភេទលើកុមាររបស់ជនល្មើសកាន់តែស្មុគស្មាញ និងកាន់តែអាក្រក់ទៅៗដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចាំបាច់រួមគ្នាដោះស្រាយ។
កុមាររងគ្រោះពីអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្លូវកាយ និងផ្លូវចិត្ត និងពេញមួយជីវិត របស់ពួកគេ។ កុមាររងគ្រោះភាគច្រើនមានអារម្មណ៍អាម៉ាស ពិបាកក្នុងការទុកចិត្តអ្នកដទៃ អស់សង្ឃឹម បាក់ទឹកចិត្ត ខកចិត្ត ស្តីបន្ទោសខ្លួនឯង ឆាប់ភ័យខ្លាច និងមានតម្រូវការដោះស្រាយបញ្ហាបន្ទាន់ៗ។ ទំហំនៃផលប៉ះពាល់នៃដំណើរការស្តារនីតិសម្បទារបស់កុមាររងគ្រោះត្រូវការគាំទ្រទាំងផ្លូវចិត្ត និងផ្លូវកាយពីសំណាក់ឪពុកម្តាយ អាណាព្យាបាល អ្នកជំនាញ និងសហគមន៍ផងដែរ៕