2023-10-25 10:54
582

នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣នេះ ក្រុមប្រឹក្សាខេត្តបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្ថិតនៅឃុំកាចូន ស្រុកវើនសៃខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម កុយជៀច វេីនសៃ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីអភិបាលរងស្រុក មេឃុំ មេភូមិ និងប្រជាពលរដ ប្រមាណជាង ១៦០នាក់។

ឯកឧត្តម កុយជៀច វើនសៃ សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និងសំណូមពរ សម្រាប់រដ្ឋបាលយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម កុយជៀច វើនសៃ សមាជិកក្រុមប្រឹក្សាខេត្ត បានលើក ឡើងថា ការធ្វើវេទិការនេះ សូមអោយលោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងស្រុក មេឃុំ មេភូមិ មន្ត្រីសង្គមស៊ីវិល និងវិស័យឯកជនជាដើម បានចូលរួមចែករំលែកនូវបទពិសោធន៍ និងផ្ដល់ប្រឹក្សា អំពីអាទិភាពនៃការអភិវឌ្ឍន៍មូលដ្ឋានខេត្តឱ្យកាន់តែមានសន្ទុះរីកចម្រើន និងមានប្រសិទ្ធភាពថែមទៀតនាថ្ងៃអនាគត។

ឯកឧត្តម វ៉ាន់ សោភា មានប្រសាសន៍ថា  ត្រូវធ្វើការឱ្យបានសកម្មចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងសោភណភាព អនាម័យ បរិស្ថាន និងធនធម្មជាតិ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។

នៅក្នុងវេទិកានោះ ឯកឧត្តម បានបញ្ជាក់ថា ការលើកជាសំណួរ និងសំណូមពរដោយផ្ទាល់មាត់ និងលាយលក្ខណ៍ជជាអក្សររបស់ប្រជាពលរដ្ឋ ដោយសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍បញ្ហាប្រឈមមានដូចជា ផ្លូវ អគ្គិសនី មន្ទីរពេទ្យ ទឹកស្អាត និងសេវាទូរស័ព្ទ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នឹងធ្វើការបកស្រាយបំភ្លឺជូន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឱ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ៕