2023-10-25 10:56
521

(ភ្នំពេញ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកវគ្គបណ្ដុះបច្ចេកទេសស្ដីពីវិធីសាស្ត្រគណនាកម្រាលផ្លូវ ដោយមានការចូលរួមពីអង្គភាពថ្នាក់កណ្ដាលរបស់ក្រសួង និងគ្រប់កងវិស្វកម្ម ដែលអនុវត្តការងារសាងសង់ផ្លូវថ្នល់ ក្រោមអាណាប័កក្រសួង ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យអ្នកជំនាញ និងផ្នែកពាក់ព័ន្ធ ស្វែងយល់បន្ថែមនូវស្តង់ដារឌីហ្សាញ ដែលត្រូវបានរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាព ក្រោមជំនួយបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី លើបទដ្ឋានសិក្សាគម្រោងផ្លូវថ្នល់ ឆ្នាំ១៩៩៩ ដើម្បីទទួលបានធាតុចូលសំខាន់ៗក្នុងការឌីហ្សាញកម្រាលផ្លូវ ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។

វគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវរៀបចំក្នុងក្របខណ្ឌទូទាំងប្រទេស នៅតាមបណ្ដាមណ្ឌលបច្ចេកទេស និងបណ្ដុះបណ្ដាលចំនួន ៤ទីតាំងផ្សេងទៀត ជូនដល់វិស្វករ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៥ រាជធានី-ខេត្ត រួមមាន៖ ខេត្តសៀមរាប កំពង់ចាម កែប និងក្រចេះ ដើម្បីបំពេញប្រសិទ្ធភាពក្នុងសិក្សាស្វែងយល់ផ្សព្វផ្សាយ និងអនុវត្ត៕