2023-10-25 04:10
467

ភ្នំពេញ៖ កំណាត់ផ្លូវលេខ១៩៨៦ ក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កំពុងមានការកកស្ទះប្រព័ន្ធលូ ទឹកលិចធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ខណៈមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

   ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បងប្អូនដែលធ្វើដំណើរនៅតាមបណ្តោយផ្លូវលេខ១៩៨៦នេះ ត្រូវបានទឹកចូលម៉ាសុីនម៉ូតូរលត់ជាបន្តបន្ទាប់ ហើយបងប្អូនខ្លះទៀតត្រូវជិះវាងផ្លូវផ្សេង ខណៈផ្លូវលេខ១៩៨៦នេះកំពុងជន់លិចពិបាកធ្វើដំណើរ។ 

   អ្វីដែលបងប្អូនប្រជាពលរដ្ឋត្រូវបានទឹកចូលម៉ាសុីនម៉ូតូរបស់ពួកគាត់មានភាពសប្បាយរីករាយនោះ គឺក្រុមហ៊ុន ប្រេងម៉ាសុីន Petronas បានចុះមកចំណុចផ្លូវដែលទឹកលិច បានផ្លាស់ប្តូរប្រេងម៉ាសុីនជូនម៉ូតូរបស់បងប្អូនដែលរលត់ដោយសារទឹកលិចដោយឥតគិតថ្លៃ។

   តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន ប្រេងម៉ាសុីន Petronas បានប្រាប់ឱ្យដឹងថា រយៈពេលមួយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនបានផ្លាស់ប្តូរប្រេងជូនប្រជាពលរដ្ឋបានចំនួនប្រមាណជិត២០០គ្រឿង។

   កម្លាំងអាជ្ញាធរបានបញ្ជាក់ឱ្យដឹងថា ចំពោះបញ្ហាទឹកលិចផ្លូវនេះ អាជ្ញាធរកំពុងសិក្សារកដំណោះស្រាយរំដោះទឹកចេញពីផ្លូវលេខ១៩៨៦នេះ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវនេះវិញ៕