ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាក់ទីផាន វ៉ារ៉ាមីត (PATIAN WARAMIT) ហៅ អូម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតាងចាប់បានរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,៤២ក្រាម, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០១កូនថង់កិប ទម្ងន់១,០៥ក្រាម, ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាក1plus ពណ៌ទឹកសណ្តែក),(លិខិតឆ្លងដែនចំនួន០១ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក។
លោកបន្តថា មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមផ្សាររាត្រីទឹកពុះថា មានករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងលេី។
ក្រោយពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី៕