2023-10-25 19:03
602

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ បង្ហាញការគាំទ្រចំពោះសំណើរបស់ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ក្នុងការបញ្ជូននគរបាលកម្ពុជា ទៅសិក្សាជំនាញសំខាន់ៗជាច្រើន ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។

កិច្ចជំនួបនេះ ធ្វើឡើងរវាងអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងប្រធានការិយាល័យតំណាងប្រចាំតំបន់ នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី នៅទីស្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើម ប្រធានការិយាល័យតំណាងប្រចាំតំបន់ នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី បានអបអរសារទរចំពោះ នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ ។

លោក សីមសូវ យេវគេងញី បានលើកឡើងថា ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សី មានបំណងបង្កើនកិច្ចសហប្រតិបត្តិកាន់តែល្អជាមួយនគរបាលជាតិកម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភាគីរុស្ស៊ី នឹងស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជុំវិញការបង្កើនចំណេះដឹងជំនាញ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់នគរបាលកម្ពុជា។
ជាការឆ្លើយតប អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញការគាំទ្រចំពោះសំណើចង់ជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញថ្មីៗដល់នគរបាលកម្ពុជា ជាពិសេសលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា Cyber Crime។

អគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា កន្លងទៅកម្ពុជា ធ្លាប់បានបញ្ជូននគរបាលជាតិទៅសិក្សាជំនាញផ្សេងៗនៅរុស្ស៊ីរួចហើយ ហើយចំពោះជំនាញបទល្មើសបច្ចេកវិទ្យា នឹងបន្តបញ្ជូននគរបាលកម្ពុជាទៅទទួលការបណ្តុះបណ្តាលបន្ថែមទៀត។

សូមជម្រាបថា កម្ពុជា និងរុស្សី បានបង្កើតចំណងទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៦ ហើយបានស្តារទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៧៩ ហើយក្រសួងកិច្ចការផ្ទៃក្នុងនៃសហព័ន្ធរុស្ស៊ី បានក្លាយជាដៃគូពិភាក្សាអាស៊ានណាប៊ូលនៅឆ្នាំ២០១៤៕