2023-10-25 07:10
542

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវបានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយចំនួន៧បញ្ហា ដែលមានទាំងពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ការផ្តល់សេវាលើការធ្វើប៉ាស័្ពរដែលមានភាពមិនប្រក្រតីមួយចំនួន, ការផ្តល់ទឹកស្អាត និងការសុំដាក់បង្គោលភ្លើង បំភ្លឺសាធារណៈជាដើម ។ 

   ប្រជាពលរដ្ឋស្នើសុំ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅភោជនីយដ្ឋានម៉ូឌែន៥ ខណ្ឌឬស្សីកែវ។

   ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី២ ចំនួន៦៦គ្រួសារ ស្នើឱ្យអាជ្ញាធរ ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ក្រោយការវាស់វែងកំណត់ ព្រំដីយូរខែហើយ និងការសុំដាក់បង្គោលភ្លើងលើផ្លូវលេខ១០៣ ,សូមកែសម្រួលលើការផ្តល់សេវាធ្វើប៉ាស័្ពរ ដែលមានភាពមិនប្រក្រតីមួយចំនួន,ការសុំផ្តល់សេវាទឹកស្អាត , សុំឱ្យ ស្ថាប័នពាក់ព័ន្ធកំណត់ច្រាំងទន្លេនិងផ្លូវឱ្យបានច្បាស់ ក្រោយពីសម្រេចឱ្យពលរដ្ឋចុះបញ្ជីដីធ្លី ជាប្រព័ន្ធ និងការសុំដាក់ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

 លោកស្រី កែវ សុខពិសី បានលើកឡើង ថា៖ វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន២នាក់ស្មើនិង៧បញ្ហា និងសំណើរជា លាយលក្ខណ៍អក្សរចំនួន៦៦ច្បាប់ ហើយរាល់សំណើរនិងសំណូម ដោយផ្ទាល់មាត់ នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត ។ចំពោះ សំណើជាលាយលក្ខណ៍អក្សរ ទាំង៦៦ច្បាប់ ក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាពដាក់ ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលបន្ដ ។

  ពាក់ព័ន្ធនិងសំណើនិងសំណូមពរដោយផ្ទាល់មាត់ខាងលើនេះ លោកស្រី កែវ សុខ ពិសី និងអាជ្ញាធរ ខណ្ឌ ព្រមទាំងមន្ទីរជំនាញ ពាក់ព័ន្ធ បានដោះស្រាយនិងបំភ្លឺថា ដីធ្លីប្រជា ពលរដ្ឋនៅសង្កាត់ទួលសង្កែទី២ចំនួន៦៦ គ្រួសារ គឺជាការចុះវាស់វែង កំណត់ព្រំដី ដែល ប៉ះពាល់ប្រឡាយ និងផ្លូវ ក្រោយពីកំណត់ហើយត្រូវឆ្លងស្ថាប័នជំនាញពាក់ព័ន្ធ ទើបសម្រេចផ្តល់កម្មសិទ្ធិជូន។ ចំពោះ ការផ្តល់សេវាធ្វើប៉ាស័្ពរ នៅអុីអន២នោះ គឺគេមានបារ៉ែម កំណត់តម្លៃត្រឹមត្រូវហើយ។ ចំពោះការស្នើសុំផ្សេងៗទៀតនោះ អាជ្ញាធរ នឹងដោះស្រាយជូនជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលនោះទេ។

   លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើ ឡើង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ សំដៅធ្វើយ៉ាង ណាឱ្យ ការគ្រប់គ្រងរាជធានីភ្នំពេញកាន់តែល្អប្រសើរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋផង  ៕