2023-10-25 19:12
493

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការដាស់តឿនដល់ក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកភ្នំក្រវាញ ទោះបីជាមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួមសហការ សាមគ្គី និងឯកភាពគ្នា ឈរលើគោលដៅរួមមួយ ក្នុងការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឈានចាប់យកសមិទ្ធផល ជាប្រយោជន៍សង្គមជាតិ និងប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍នៅមូលដ្ឋានប្រកបដោយចីរភាព។ 

អភិបាលខេត្តពោធិ៍សាត់ បានថ្លែងបែបនេះ កាលពីថ្ងៃទី២៥ ខែតុលា ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ដោយបានការចូលរួមពីក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលស្រុក និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ 

លោក ខូយ រីដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលកន្លងមក ប្រកបដោយភាពកក់ក្តៅ និងជឿជាក់ មកលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

លោកបញ្ជាក់ថា ស្រុកភ្នំក្រវាញ គឺជាស្រុកទី៤ ហើយ ដែលលោកបានបន្តជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ខណៈដែលស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្តៀង ទើបនឹងបញ្ចប់កន្លងទៅនេះ។ 

ក្នុងយន្តការដឹកនាំខេត្តពោធិ៍សាត់ បានជិត ១ឆ្នាំមកនេះ គឺលោកមានមហិច្ឆតា អភិវឌ្ឍន៍ខេត្តកំណើតរបស់លោកឱ្យមានការរីកចម្រើនឡើងជាលំដាប់ ដែលកិច្ចការទាំងអស់នេះ គឺត្រូវការចូលរួម និងគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទើបសម្រេចទៅបាន។ 


លោក ខូយ រីដា បានបន្ថែមថា សូមឲ្យលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកភ្នំក្រវាញ ត្រូវមានការខិតខំប្រឹងប្រែង និងសាមគ្គីភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវរួម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កាន់តែល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកនេះ។ 

លោកអភិបាលខេត្ត បានលើកឡើងថា គោលការណ៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោត ការយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ ក៏ដូចការ ប្រកបមុខរបរផ្សេងៗ។ 

ពាក់ព័ន្ធទៅនឹងការងារដីធ្លី ដែលកន្លងមកនេះ បានបង្កភាពស្មុគស្មាញនោះ លោកបាន សំណូមពរសូមឱ្យរដ្ឋបាលស្រុក អាជ្ញាធរឃុំ និងស្ថាប័នជំនាញ ត្រូវតែបង្កើនការយក ចិត្តទុកដាក់ យ៉ាងម៉ឺងម៉ាត់ ទៅតាមផ្លូវច្បាប់។ បើមានករណីជម្លោះត្រូវសម្របសម្រួល និងដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព មិនត្រូវលម្អៀងខាងភាគីណាមួយនោះទេ ត្រូវឈរនៅកណ្តាលដើម្បីផលប្រយោជន៍ទាំងសងខាង៕ លាន គ្រន