2023-10-25 19:15
553

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ដោយមានសមាសភាពចូលរួមជាសមាជិក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងសមាគមឧស្សាហកម្មទេសចរណ៍សរុបប្រមាណ២០០នាក់។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីកំណត់បញ្ហាប្រឈម និងលើកជាសំណូមពរ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងក្នុងវិស័យទេសចរណ៍ ក្នុងគោលដៅប្រមូលនូវធាតុចូលទាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលសម្រាប់ការរៀបចំ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាងមុខនេះ។

អង្គប្រជុំបានពិភាក្សាលើចំណុចចំនួន១៩ និងបានកំណត់នូវវិធានការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលអាចដោះស្រាយបានក្នុងកម្រិតអន្តរស្ថាប័ន ហើយចំណុចសំណូមពរណាមួយដែលមិនអាចដោះស្រាយបាន អង្គប្រជុំសម្រេចពិនិត្យលទ្ធភាពលើកសំណូមពរទាំងនោះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអាចធ្វើការបូកសរុប និងគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលសម្រាប់ត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នេះ។

លោករដ្ឋមន្រ្តី សុខ សូកេន រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នាក្នុងនាមខ្មែរតែមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា៕