(កំពត) ៖ កាលពីរសៀលថ្ងៃទី ២៥ ខែតុលាឆ្នាំ២០២៣នេះ លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោតបានប្រាប់ឲ្យដឹងថា ឆ្នាំនេះខេត្តកំពត មានសង្កាត់ព្រែកត្នោត និង១ឃុំទូកមាសខាងលិចបានជាប់ជ័យលាភី បរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាពល្អ ក្នុងចលនាប្រឡងប្រណាំង ឃុំសង្កាត់មានសុវត្ថិភាព ពីក្រសួងបរិស្ថាន ដែលពិធីប្រគល់ជ័យលាភីនឹងធ្វើនៅថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២៣នេះផងដែរ។
អាជ្ញាធរបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តោតសំខាន់ និងបានបញ្ចូលការងារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋាន។
លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោតបានប្រាប់ឱ្យដឹងថា ក្រុងបូកគោ ខេត្តកំពត បានផ្តើមចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព ពិសេសការផ្តោតសំខាន់ទៅលើបញ្ហាបរិស្ថាន ដោយបានដាក់ចុះនូវគោលនយោបាយ ឃុំសង្កាត់មានសុវត្ថិភាព ថែមទាំងបានជំរុញតាមរយៈចលនាប្រឡងណំាងផងនោះ សង្កាត់ព្រែកត្នោតបានបញ្ចូលការងារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍របស់ខ្លួន និងបានធ្វើសកម្មផ្សព្វផ្សាយ ណែនាំជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យសង្កាត់មានបរិស្ថាន អនាម័យ និងសោភ័ណភាពស្អាតគួរឲ្យចង់រស់នៅ និងមកកម្សាន្ត។
លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបន្តឱ្យដឹងទៀតថា តាមការជូនដំណឹងរបស់ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៍មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឲ្យដឹងថា សង្កាត់ព្រែកត្នោតបានជាប់ជ័យលាភីលេខ១ លើវិស័យបរិស្ថាស្អាត នៅក្នុងចលនាប្រឡងប្រណាំង ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ដែលពិធីប្រគល់នឹងធ្វើនៅថ្ងៃទី២៦ ខែតុលានេះ នៅទីស្តីការក្រសួង។
ចំពោះការវាយតម្លៃ លោកថាក្រសួងបានផ្តោតសំខាន់ទៅលើទីកន្លែងផ្តល់សេវាសាសាធារណៈផ្សេងៗនៅទូទាំងសង្កាត់ ដូចជាសាលាសង្កាត់ មន្ទីរពេទ្យ សាលារៀន ផ្សារ វត្តអារាម និងលំនៅឋានពលរដ្ឋជាដើម។
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងមោទភាពដែលសង្កាត់បានទទួលជ័យលាភី លោកក៏នៅតែបន្តបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ សូមជួយបន្តចូលរួមផ្សព្វផ្សាយការងារថែរក្សាបរិស្ថាន អានម័យ និងសោភ័ណភាពឲ្យបានកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់យើងក្លាយជាភូមិ សង្កាត់បៃតង់ មានសោភ័ណភាពស្អាត អនាម័យ បរិស្ថានល្អ គួរជាទីចង់រស់នៅ និងចង់មកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។(សឹង រ៉ាត់)