ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ដែលចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ រហូតបានកើនដល់ ៦០០លានដុល្លារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minebea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minebea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ រហូតបានកើនដល់ ៦០០លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជាដូចគ្នា៕