2023-10-26 14:52
663

(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលដឹកនាំដោយ លោក ជួប ខុន តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ។

ក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ដែលសំណើរ និងសំណូមពរទាំងនោះ មានការយកពន្ធដារលើអចលនទ្រព្យក៏ជារឿងសំខាន់ ដែលប្រជាពលរដ្ឋបានលើកឡើងជាច្រើននាក់ផងដែរ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ។

ប្រជាពលរដ្ឋបានលើកឡើងថា ការប្រមូលពន្ធទៅលើដី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានមន្ត្រីយកពន្ធ យកលើសកំណត់បើទោះបីចំណែកដីខាងមុខផ្ទះរបស់គាត់ ត្រូវបានរដ្ឋកាត់យកជាចំណីផ្លូវសាធារណៈហើយក្តី ក៏ខាងខាងពន្ធដារ នៅតែគិតតម្លៃដូចមុន ពោលគឺដីដែលបានកាត់នោះនៅតែបង់លុយដដែល។ ពួកគាត់មិនបានដឹងថា ផ្ទះរបស់គាត់ជាប់ពន្ធនោះទេ តែបែរជាមន្ត្រីពន្ធដារយកវិក្កិយបត្រមកបង្ហាញ ជាមួយនឹងការផាកពិន័យជាង១០លានរៀល ខណៈដែលពួកគាត់មិនបានដឹងទាល់តែសោះ។

ក្រៅពីការលើកឡើង ពាក់ព័ន្ធនឹងវិស័យពន្ធដារខាងលើ ការបង់ថ្លៃសំរាមសូមឲ្យដាក់ជាវិក្កិយបត្រតែមួយ។ ការសុំការជួសជុលស្ពានព្រែកអ្នកតាវាំង ការសូមដោះស្រាយបញ្ហាប្រឡាយបង្ហូរទឹក ការសូមស្ថាបនាលូ ការសុំតបណ្ដាញទឹកស្អាត និងការសុំឲ្យក្រុមហ៊ុនស៊ីនទ្រីដាក់រទេះតូចៗ ដឹកសំរាមតាមផ្លូវតូចៗ ក៏ជាការលើកឡើង និងការស្នើសុំរបស់ប្រជាពលរដ្ឋ ទៅកាន់អាជ្ញាធរក្នុងវេទិកានេះផងដែរ។
ពាក់ព័ន្ធនឹងសំណើរ និងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធនឹងពន្ធដារ នេះត្រូវបានមន្ត្រីពន្ធដារ លើកឡើងថា ការបង់ពន្ធអចលនៈទ្រព្យ ចាប់ពីពេលនេះទៅរហូតដល់ចុងឆ្នាំ២០២៤ ការបង់ពន្ធអចនទ្រព្យនេះ គឺមិនត្រូវបានផាកពិន័យនោះទេ ពោលគឺប្រជាពលរដ្ឋដែលជាប់ពន្ធអាចទៅបង់ពន្ធទៅតាមតម្លៃពន្ធតែប៉ុណ្ណោះ មិនមានការផាកពិន័យទេ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅក្នុងឱកាសនោះបានបកស្រាយបំភ្លឺជុំវិញ ការលើកឡើងរបស់ប្រជាពលរដ្ឋ ដោយអាជ្ញាធរ និងពិនិត្យលទ្ធភាព ដើម្បីធ្វើទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

លោក ស៊ុយ សេរិទ្ធ ក៏បានគូសបញ្ជាក់ថា វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរដោយផ្ទាល់មាត់ ចំនួន១៣នាក់ និងសំណើរជាលាយលក្ខណ៍អក្សរ ចំនួន៧៨ច្បាប់ ហើយរាល់សំណើ និងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់ និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត។ ចំពោះសំណើជាលាយលក្ខណ៍អក្សររទាំង៧៨ច្បាប់ ក្រុមការងារ នឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល។

ដោយឡែក លោក ជួប ខុន បានអះអាងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដែលមាន ដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម៕