(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យក្នុងពិធីប្រណាំងទូក «ង» បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ក្នុងក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុកទាំង១០ និងសមាជិក សមាជិកា នៃអង្គពិធីជាច្រើននាក់ទៀត។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីពិភាក្សា ត្រួតពិនិត្យនៃការរៀបចំកម្មវិធីប្រណាំងទូក បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ដើម្បីអបអរសាទរ នៃបុណ្យចេញព្រះវស្សា នាថ្ងៃទី ២៨ - ២៩ ខែតុលាឆ្នាំ ២០២៣ ខាងមុខនេះ ពោលគឺ នៅសល់រយៈពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីនឹងមកដល់។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មួយរយៈកន្លងមកនេះអនុគណៈកម្មការជំនាញទាំង៨ ដែលមាន លោក-លោកស្រី អភិបាលរងខេត្ត ជាប្រធាន បានខិតខំរៀបចំកិច្ចការនេះ ក្នុងការចាត់ចែងដោយផ្ទាល់នៅទីកន្លែង ជាលទ្ធផលការងារសម្រេចបាន ក្នុងរង្វង់ ៨០% ហើយ មកដល់ពេលនេះ។ ដូច្នេះយើងចាំបាច់ត្រូវការប្រជុំ ត្រួតពិនិត្យ ឆ្លងនូវការងារមួយចំនួនបន្ថែមទៀត ឈានឆ្ពោះក្នុងការរៀបចំការងារនេះ ប្រព្រឹត្តទៅឲ្យទទួលបាន នូវលទ្ធផលល្អប្រសើរ។
គួររំលឹកផងដែរថា រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រណាំងទូក «ង» បណ្តែតប្រទិប អុចកាំជ្រួច ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។ ពិធីប្រណាំងទូកង នេះ គឺ ប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ ២០២៣ ដោយមានការប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិផងដែរ។
រីឯនៅពេលរាត្រីមានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច និងមានតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត,ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្រ្តី មានរយៈពេល ៣ថ្ងៃ ផងដែរ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣៕