កណ្តាល៖ លោក ម៉ឹង យូឡុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រកាសបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្ដោយទន្លេបាសាក់ រយៈពេល០២ថ្ងៃ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ។
យោងតាមសេចក្តីជូនដំណឹង ស្ដីពី ការបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្ដោយទន្លេបាសាក់ គឺចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានមិត្តភាពកម្ពុជាចិន-តាខ្មៅ (ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ០២ថ្ងៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យការប្រារព្ធពិធីប្រណាំងទូកប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានឲ្យជម្រាបថា៖ រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ចំនួន ០១ថ្ងៃ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ៕