ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលានេះក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាបានបើកវគ្គបណ្តុះ បណ្តាលអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ខ្លូន ដើម្បីងាយស្រួលក្នុងធ្វើបុរេសកម្មនិងប្រតិកម្មរហ័សជុំវិញកិច្ចដែលក្រសួង និងមន្ទីរសង្គម កិច្ចបានអនុវត្តកន្លងមក ដើម្បីសរសេរឱ្យមានលក្ខណៈឯកទេស និងយល់អំពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន ឬសាធារណមតិ ។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាមន្ត្រីមកពី២៥ រាជធានី-ខេត្តក្នុងក្របខណ្ឌនៃក្រសួងចំនួនប្រមាណ ២០០នាក់ ដែលប្រព្រឹត្តឡើងរយះពេល១ថ្ងៃនៅក្នុងទីស្តីការក្រសួងសង្គមកិច្ចនាថ្ងៃទី២៧ តុលា ២០២៣ នេះ។ ការបញ្ជៀបចំណេះផ្នែកព័ត៌មាននេះដោយក្រោមការធ្វើបទឧ្ទេសនាមដោយលោក ហ្គេន ហ្វេលហ្គេត (Glen Frlgate) អ្នកជំនាញវិជ្ជាជីវៈផ្នែកសារព័ត៌មានជាច្រើនឆ្នាំរួមជាមួយបណ្តាអ្នកជំនាញសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនទៀត។
លោក ឯម ចាន់មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ការសរសេរព័ត៌មាន សម្រាប់ជាទុនក្នុងការធ្វើសកម្ម និងប្រតិកម្មរហ័សចំពោះកិច្ចការងារប្រចាំ ថ្ងៃទៅដល់សាធារណៈមតិ ពីព្រោះសព្វថ្ងៃនេះមន្រ្ដីបានខិតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើនតាមជំនាញនីមួយៗ ក៏ប៉ុន្តែរបៀបនៃការផ្សព្វផ្សាយសកម្មភាពទាំងអស់គ្នាទៅដល់មជ្ឈដ្ឋានខាងក្រៅ នៅមិនទាន់បានទូលំទូលាយ និងមានឯកទេសឆ្លើយតបឱ្យបានទាន់ពេលវេលានៅឡើយ។
លោក ឯម ចាន់មករា លើកទឹកចិត្តអង្គសិក្ខាកាមទាំង អស់ចូលរួមឱ្យបានផុសផុល សាកសួរវាគ្មិនដែលមានជំនាញ និងឯកទេសច្បាស់លាស់ ពីព្រោះវគ្គបណ្ដុះ បណ្ដាលនេះ គឺជាឱកាសកម្រមួយដើម្បីបង្កើននូវពុទ្ឋិបន្ថែមទៀត។
លោក ហ្គេន ហ្វេលហ្គេត បានឱ្យដឹងថា ក្នុងវគ្គនេះលោកនឹងធ្វើបទបង្ហាញលើការផ្តល់ជាព័ត៌មាន និង បច្ចេកទេសក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានលក្ខណៈពិសេសមួយចំនួនដោយធ្វើឱ្យប្រជាជនកម្ពុជាភាគច្រើនទទួលបានព័ត៌មាន តាមប្រព័ន្ធអ៊ិនធើណិត ចំណែកទូរទស្សន៍បែបប្រពៃណី ការផ្សាយតាមវិទ្យុ និងបោះពុម្ពជាកាសែតមិនសូវទទួលបានការពេញនិយមឡើយ៕