2023-10-28 11:48
548

លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានធ្វើសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី ជម្លោះប៉ាលេស្ទីន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។ 

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បានថ្លែងក្នុងកិច្ចប្រជុំពិសេសបន្ទាប់ ស្តីពី ជម្លោះប៉ាឡេស្ទីន លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និង ប្រតិភូទាំងអស់ជាទីគោរព 
លោកស្រី អ៊ាត សោភា បានសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំនេះដូចខាងក្រោម៖ 

១- ក្នុងនាមប្រទេសមួយ- គឺកម្ពុជា ដែលក្នុងពេលមិនយូរប៉ុន្មានកន្លងទៅ ត្រូវបានគ្របដណ្ដប់ដោយភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍ និងវាលពិឃាត ដែលក្នុងខណៈនោះ អ្នកដែលត្រូវចាត់ចូលជាក្រុមជិះជាន់គេ និងក្រុមរងការជិះជាន់ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅនៃការស្អប់ខ្ពើម ការសងសឹក និងភាពជ្រុលនិយម រហូតនាំទៅដល់ទង្វើឧក្រិដ្ឋកម្មដ៏សាហាវបំផុតប្រឆាំងនឹងមនុស្សជាតិ។ 


២- គណៈប្រតិភូរបស់ខ្ញុំសូមសម្តែងនូវមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួម ទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមកដល់បច្ចុប្បន្ន និងមុនពេលនេះផងដែរ ទាំង នៅក្នុងរដ្ឋប៉ាលេស្ទីន និងរដ្ឋអ៊ីស្រាអែល។ ជម្លោះប៉ាឡេស្ទីន-ស៊ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និង ផុយស្រួយបំផុត។ ហេតុនេះ កម្ពុជាសូមលើកឡើងនូវជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហានេះ ដោយមិនចូលរួមក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ។ 

៣- កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះ បច្ចុប្បន្ន។ 


៤- ការស្អប់ខ្ពើម និងការសងសឹក នឹងនាំទៅរកវដ្តថ្មីមួយទៀត នៃការស្អប់ខ្ពើម និងការសងសឹក។ សង្គ្រាម មិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពយូរអង្វែង ក៏ដូចជាការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមបាននោះទេ។ គណៈប្រតិភូរបស់ខ្ញុំយល់ច្បាស់ពីអារម្មណ៍ឆេះឆួលដោយភ្លើងកំហឹង ចុក ចាប់ឈឺផ្សា និងទុក្ខសោករបស់ទាំងគ្នា។ យើងបានត្រឹមតែសូមអំពាវនាវ និងសង្ឃឹមថា ការប្រកាន់ស្មារតីដើរផ្លូវកណ្តាលមិននិយមជ្រុលនឹងឈ្នះ។ ឥឡូវនេះ សំខាន់ជាងពេលណាៗទាំងអស់ គឺត្រូវមានការដោះស្រាយឫសគល់នៃបញ្ហាជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យប្រជាជនទាំងពីរ អ៊ីស្រាអែល និងប៉ាឡេស្ទីន អាចរួមរស់នៅជាមួយគា្នដោយភាពសុខដុម។ 

៥- លោកប្រធានមហាសន្និបាត សូមអនុញ្ញាតឱ្យខ្ញុំលើកឡើងវិញនូវចំណុចចំនួនបី ដែលខ្ញុំបានលើករួច ហើយក្នុងអំឡុងកិច្ចពិភាក្សាបើកចំហរនាពេលថ្មីៗនេះ របស់ក្រុមប្រឹក្សាសន្តិសុខ៖ 
ទី១)- គួរឲ្យរន្ធត់ចិត្តបំផុត ដោយឃើញការកើនឡើងនូវចំនួនប្រជាជនស៊ីវិលដែលស្លាប់ និងរបួស ព្រមទាំងទុក្ខវេទនាដែលគេត្រូវស៊ូទ្រាំ។ គណៈប្រតិភូរបស់ខ្ញុំសូមជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការ អត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួមដោយស្មារតីស្ថាបនា ធ្វើកិច្ចសន្ទនា ដើម្បីបន្ធូស្ថានការណ៍កុំឲ្យកាន់តែធ្លាក់ដុនដាប ហើយសម្រេចនូវបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជា មនុស្សធម៌។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចៀសការរីករាលដាលន សង្គ្រាម ហើយព្រមជាមួយគ្នានេះទទួលស្គាល់ចំពោះកង្វល់ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ភាគី ទាំងអស់ ដើម្បីអាចបញ្ចប់វដ្ដនៃអំពើហិង្សា។ 

ទី២)- ជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលត្រូវតែទទួលបាននូវការការពារពីគ្រោះថ្នាក់នៅក្នុង ជម្លោះ។ គណៈប្រតិភូរបស់ខ្ញុំសូមជំរុញឱ្យមានការដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជា ចំណាប់ខ្មាំង។ យើងសូមអំពាវនាវឱ្យភាគីទាំងអស់ ចៀសវាងការវាយប្រហារតម្រង់ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតការបើកច្រកដោយគ្មានឧបសគ្គសម្រាប់ផ្តល់ជំនួយ មនុស្សធម៌សំខាន់ៗដូចជា អាហារ ទឹក និងថ្នាំពេទ្យ ដល់ប្រជាជនដែលត្រូវការជំនួយ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។ 

ទី៣)- យើងខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព និងស្មោះស្ម័គ្រ ពិតប្រាកដ ដើម្បីជំរុញឲ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ នាំទៅរកសន្តិភាពដ៏ត្រឹម ត្រូវ និងយូរអង្វែង។ 

សូមមេត្តាបញ្ឈប់ការចង្អុលដៃចោទដាក់គ្នា! សូមមេត្តាផ្ដល់ឱកាសឲ្យសន្តិភាព សូមអនុញ្ញាតឲ្យមាន សេចក្តីស្រលាញ់ចំពោះមនុស្សជាតិទាំងអស់នៅលើភពផែនដី ដោយគ្មានការប្រកាន់ពូជសាសន៍ និង ជំនឿ។ សូមមេត្តាផ្តល់អំណាចដល់កម្លាំងនៃស្មារតីដើរផ្លូវកណ្តាលមិននិយមជ្រុល ដើម្បីអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរខាងគ្នាក្នុងសន្តិភាព សន្តិសុខ និងភាពសុខដុមរមនា ជានិរន្តរ៍។


៦- ជាថ្មីម្តងទៀត គណៈប្រតិភូរបស់ខ្ញុំសូមកោតសរសើរចំពោះការលះបង់ និងពលីកម្មរបស់បុគ្គលិកអង្គ ការសហប្រជាជាតិ ព្រមទាំងបុគ្គលិកភ្នាក់ងារមនុស្សធម៌ទាំងឡាយ ដែលបានពុះពារប្រឈមមុខ ហានិភ័យ និងគ្រោះថ្នាក់ ក្នុងការនាំយកនូវជំនួយសង្គ្រោះដល់ប្រជាជនស៊ីវិលស្លូតត្រង់៕