2023-10-28 13:13
546

(កំពង់ធំ)៖ លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៣នេះ បន្តឧបត្ថម្ភដល់ទូកចំនួន៤ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងនោះលោកឧកញ៉ា គុយ លាងគី បានពាំនាំនូវការលើកទឹកចិត្តដល់កីឡាករត្រូវខិតខំប្រឹងប្រែងយកជ័យជំនះលើការប្រកួតជាកិត្តិយសជូនដល់ស្រុក ភូមិ និងថែទាំសុខភាពឱ្យបានល្អ ត្រូវគោរពនូវវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាអនាម័យឱ្យបានល្អ មិនត្រូវបោះចោលសំរាម ដូចជា៖ ថង់ផ្លាស្ទិច ឬដបទឹកសុទ្ធ នៅក្រៅធុងសំរាម កុំបន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ជាពិសេសមុនពេលប្រណាំងត្រូវស្លៀកពាក់អាវកីឡាករដែលអាជ្ញាធរបានចែកជូន ត្រូវចាត់ទុកថា រឿងឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់នោះទេ។

លោកឧកញ៉ា បានបញ្ជាក់ថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋភិបាលសព្វថ្ងៃធ្វើឱ្យប្រទេសជាតិយើងមានការរីកចម្រើនលើគ្រប់វិស័យ។
គួរបញ្ជាក់ថាទូក៤ ដែលទទួលបានការឧបត្ថម្ភពីលោកឧកញ៉ា គុយ លាងគី និងលោកជំទាវ ឃួន ឃុនឌី រួមមាន៖ ទី១៖ អធិរាជក្រៃថោងបារមីក្តីដូង, ទី២៖ បារមីវត្តស្លែងសំដែងរិទ្ធ, ទី៣៖ ហូរពេញសែនជ័យ និងទី៤៖ សីហៈនន្ទមានជ័យបារមីវត្តកោះរការ។ ដោយទូកនីមួយៗទទួលបានប្រាក់ឧបត្ថម្ភ ១លានរៀល ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អង្ករ១បេ និងអាវចំនួន៤០អាវ៕