ភ្នំពេញ ៖ កាលពីវេលាម៉ោង ១និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុបពណ៌ក្រហម ក៏ត្រូវរថយន្តមួយគ្រឿងទៀតបើកដោយបុរសម្នាក់ឆ្លងភ្លើងស្តុបពណ៌ខៀវជ្រុលទៅបុកចំពាក់កណ្ដាលចំហៀងខាងឆ្វេងពេញទំហឹង រួចរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់បន្ថែមទៀតបណ្តាលឱ្យរថយន្តទាំងសងខាងរងការខូចខាត។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកMazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BU-7566 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតមកយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន មិនគោរពច្បាប់ចរាចរណ៍បានបើកឆ្លងទាំងបំពានភ្លើងស្តុបពណ៌ក្រហម ស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AX-1088 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើងបានបើកឆ្លងភ្លើងស្តុបពណ៌ខៀវក្នុងល្បឿនលឿន ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវក៏ជ្រុលទៅបុករថយន្តMazda ដែលបើកបំពានភ្លើងស្តុបពណ៌ក្រហមចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរថយន្ត Mazda រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងធ្វើឱ្យបាក់មួយកង់។ ចំណែករថយន្តខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាងមិនអាចសម្រួលគ្នាត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្តទាំងសងខាង ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ៕