2023-10-28 14:52
532

ខេត្តប៉ៃលិន÷កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា នៅព្រឹក ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា លើរបៀបវារៈចំនួន៤ ដូចខាងក្រោម ៖

១-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ»។
២-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។
៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕ដ,ស សារឿន