(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធពិធីក្រុងពលីបួងសួង លោកតាដំបងគ្រញូង និងដើមពោធិ៍ វិមានឯករាជ្យសុំសេចក្តីសុខចម្រើនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។
កម្មវិធីសាសនាបួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ រួមមានបារមីលោកតា «ដំបងគ្រញូង»និងដើមពោធិ៍វិមានឯករាជ្យ ដើម្បីសុំសេចក្តីសុខនៃកិច្ចដំណើរការពិធីបុណ្យអ៊ុំទូក ប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ ។
ការប្រារព្ធពិធីនានាតាមបែបព្រហ្មញសាសនានេះផងដែរ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿង នៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរ ដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។
ក្នុងឱកាសនៃការប្រារព្ធពិធីអុំទូក ក្នុងខេត្តបាត់ដំបង ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូកឱ្យបានច្រើនកុះករដើម្បីញ៉ាំងបរិយាកាសពិធីនេះឱ្យសប្បាយរីករាយផងដែរ។
ការប្រារព្ធពិធីប្រណាំងទូក ធ្វើឡើងដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប នៅពេលរសៀលនេះ។ ការប្រណាំងទូកនេះមានចំនួន ៤៥ទូក និងកីឡាករ កីឡាការនី ចំនួន ១,៥៩៦នាក់៕