2023-10-28 15:44
516

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងទៅកាន់កីឡាករអុំទូកថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះ ឲ្យបានល្អជាងឆ្នាំមុន ដោយមានកីឡាករអុំទូកចូលរួមមានទូកចំនួន ៥៦ទូក កីឡាករ ចំនួន ១.៦៦៤នាក់ ម្រុង ៣២៦នាក់ ទូកវែង ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក ទូកផ្កាចារចំនួន ២០ទូក ហើយទីកន្លែងស្នាក់នៅរបស់កីឡាករបែងចែកមាន ៥ទីតាំងផ្សេងគ្នា។
លោកបានថ្លែងទៀតថា «កីឡាករទាំងអស់ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ កុំមានការប្រទូសសារាយគ្នាពីស្រុកមួយ ទៅស្រុកមួយក្នុងពេលអុំទូក ទោះបីអុំទូកឈ្នះ ឬចាញ់ គឺសូមឲ្យមានសេចក្តីសុខទាំងអស់គ្នា។ ហើយនៅពេលអុំទូកពេលរសៀលនេះ កីឡាករទាំងអស់ ត្រូវពាក់ឯកសណ្ឋានដែលបានចែកជូនឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សោភ័ណភាព ឲ្យកាន់តែស្រស់ស្អាតថែមទៀត»។

លោកបានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល និងចែកស្បៀងអាហារដល់កីឡាករអុំទូក១.៦៦៤នាក់ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
លោកបានបន្តទៀតថា «កីឡាករទាំអស់ ត្រូវគោរពវិន័យ និងអនុវត្តឲ្យបានល្អ តាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក ត្រូវថែទាំសុខភាពអោយបានល្អ ពេលមានបញ្ហាសុខភាព ត្រូវទៅព្យាបាលជាមួយក្រុមគ្រូពេទ្យ ដែលប្រចាំការអោយបានទាន់ពេលវេលា។ ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យល្អ និងបោសសំអាតទីកន្លែងស្នាក់នៅអោយបានស្អាត មុនពេលត្រឡប់ទៅមូលដ្ឋានវិញ»៕