ខេត្តសៀមរាប៖ យ៉ាវហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន ២០ ខ្នង បានរងផលប៉ះពាល់ និងបង្គោលភ្លើងចំនួន ១៥ដើម ត្រូវបានរលំ ដោយគ្រោះធម្មជាតិបំផ្លាញ។
ហេតុការណ៍បានកើតឡើង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០ នាទីរសៀល ម្សិលមុិញនេះ។
យោងតាមរបាយការណ៍ព័ត៌មានបឋមបានឲ្យអោយដឹងថា ៖ នៅរសៀលថ្ងៃម្សិលមុិញ នេះមានភ្លៀងធ្លាក់ និងលាយឡំផ្គររន្ទះខ្យល់កន្ត្រាក់ បណ្ដាលឱ្យទ្រេតផ្ទះ១ខ្នង របើកដំបូលផ្ទះ ចំនួន ២០ខ្នង និងដួលបង្គោលអគ្គិសនីកម្ពស់ ១២ម៉ែត្រ ចំនួន ១៥បង្គោល។
របាយការណ៍បានបន្តថា ៖ ករណីនេះ បានប៉ះពាល់ ចំនួន ២ឃុំ ស្មើនឹង ០៣ភូមិ មានដូចខាងក្រោម៖
-ឃុំពួក
-ភូមិតាទក បណ្តាលឱ្យទ្រេតផ្ទះ ចំនួន ១ខ្នង របើកដំបូលផ្ទះ ចំនួន ១៨ខ្នង។
-ភូមិកំពង់តាយ៉ង ដួលបង្គោលអគ្គិសនីកម្ពស់ ១២ម៉ែត្រ ចំនួន ១៥បង្គោល។
-ឃុំសំរោងយា
-ភូមិអំពិល បណ្តាលឱ្យរបើកដំបូលផ្ទះ ចំនួន ១ខ្នង។
សូមបញ្ជាក់ ៖ ករណីគ្រោះមហន្តរាយនេះ ពុំមានប៉ះពាល់ដល់មនុស្ស និងសត្វទេ។
សូមបងប្អូនមេត្តាមានការប្រយ័ត្នអោយបានខ្ពស់ ចំពោះ ភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ រន្ទះចុងខែតុលា និងដើមខែវិច្ឆិកា ៕