2023-10-30 12:26
647

កំពង់ឆ្នាំង៖ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន ០៥នាក់ ត្រូវបានប្រជាពលរដ្ឋរងគ្រោះប្តឹងចោទប្រកាន់ពីបទ «ប្រើអំពើហិង្សាដោយចេតនា ព្រួតគ្នាចាប់វាយ និងប្រើដំបងឆក់បណ្តាលឲ្យរងរបួសស្នាមជាច្រើនកន្លែង ព្រមទាំងបង្ខំឲ្យជនរងគ្រោះកំហុសទាំងបំពានច្បាប់»។ 

 នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋឈ្មោះ ស៊ុន ប៊ុនហុង ភេទប្រុស អាយុ ៣២ឆ្នាំ រស់ភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលអះអាងថា បានរងគ្រោះដោយសារស្នាដៃក្រុមប៉ូលិសស្រុកកំពង់លែង បានរៀបរាប់ប្រាប់ក្រុមអ្នកកសែតថា នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ រូបគាត់ និងក្មួយប្រុសឈ្មោះ ហេង សុខឡៃ អាយុ ១៩ឆ្នាំ បានដើរមកលេងក្នុងពិធីបុណ្យអុំទូករបស់ស្រុកកំពង់លែង នៅមុខអធិការដ្ឋាននគរបាលតែម្តង។ 

 មន្ត្រីអធិការនគរបាល អធិការដ្ឋានស្រុកកំពង់លែងទាំង ០៥នាក់ ដែលវាយធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ រួមមាន៖ លោកអនុសេនីយ៍ឯក ថាំង វ៉ៃ ឋានៈផ្នែកគ្រឿងញៀន, លោកវរសេនីយ៍ទោ ឡុង ភារិទ្ធ អធិការរង ទទួលផ្នែកអត្តសញ្ញាណកម្ម, លោកអនុសេនីយ៍ទោ តុល ប្រុស នាយផ្នែកគ្រឿងញៀន, លោកអនុសេនីយ៍ទោ ចាន់ ស៊ីជាង នាយផ្នែកព្រហ្មទណ្ឌ ,និងលោកវីរសេនីយ៍ទោ យន្ត ប៊ុនធឿន អត្តលេខ ៥៨៧៨១ ជាអ្នកកាន់ដំបងឆក់។ 

 បុរសរូបនេះ បានបន្តទៀតថា ក្នុងយប់នោះក៏ជម្លោះជាមួយយុវជនមួយក្រុមនៅក្នុងស្រុកជាមួយគ្នា ប៉ុន្តែក៏សម្របសម្រួលគ្នាវិញដោយមិនមានការវាយតប់គ្នានោះឡើយ។ លុះដល់ម៉ោង ១០និង៣០នាទីយប់ពេលកំពុងដើរលេងពីរនាក់ក្មួយដល់មុខអធិការនគរបាលស្រុកកំពង់លែង ស្រាប់តែមានមន្ត្រីនគរបាលស្រុកម្នាក់ បានយកដំបងចរាចរណ៍មកវាយក្បាលក្មួយរបស់លោក។ ពេលឃើញដូច្នេះគាត់ក៏បានសួរទៅនគរបាលនោះថា ក្មួយខ្ញុំខុសអីបានជាអ្វីក្បាលវា? ភ្លាមនោះស្រាប់ប៉ូលិសឈ្មោះ ឡុង ភារិទ្ធ ស្លៀកខោអត់ពាក់អាវ បានស្ទុះមករុញច្រានរូបគាត់ចំនួន ០២ដង និងឈ្មោះ តុល ប្រុស បានហក់មកវ៉ៃលោកចំថ្គាមខាងឆ្វេងមួយដៃ ហើយប៉ូលិសឈ្មោះ ចាន់ ស៊ីជាង ក៏ទាវកអាវអូសមកជិតក្លោងទ្វារអធិការ មានគ្នា ចំនួន ០៥នាក់ ព្រួតគ្នាវាយចាប់បោកផ្ទប់នឹងដីថ្មគ្រួស និងប្រើប្រាស់ដំបងឆក់គាត់ថែមទៀត ខណៈនោះ ក្មួយប្រុសគាត់ក៏បានស្រែកខ្លាំងៗឡើង ថា «ប៉ូលីសវ៉ៃប្រជាជន.......!» ភ្លាមៗនោះក្រុមនគរបាននោះក៏ចាប់គាត់ និងក្មួយប្រុសឃុំក្នុងបន្ទប់អធិការស្រុកតែម្ដង។ 

 ជនរងគ្រោះបានបន្ថែមទៀតថា លុះព្រឹកថ្ងៃទី២១ ខែតុលា នគរបាលឈ្មោះ ចាន់ ស៊ីជាង បានសួរគាត់ក្នុងន័យគំរាមថា ចង់ទៅខេត្ត ឬចង់ទៅផ្ទះ? ហើយលោក ចាន់ សុជាង បាននិយាយទៀតថា «អញគុំហ្អែងយូរហើយ»។ 

 បុរសរងគ្រោះបានបន្ថែមថា នាពេលកន្លងមករូបគាត់ ធ្លាប់មានពេលរឿងដែលនគរបាលចុះឆែកអាវុធជាតិផ្ទុះពេលយប់ឆែកប៉ះគាត់ ប៉ុន្តែរកអ្វីមិនឃើញក៏ថតរូបរបសគាត់ ហើយពេលនោះខ្លួនបានជ្រែងដៃដាក់ក្នុងហោប៉ៅស៊កដៃទាំងពីរ ទើបក្រុមប៉ូលិសចោទថា លោកមើលងាយសមត្ថកិច្ច។ 

 ជនរងគ្រោះបានបញ្ជាក់ថា ក្រោយពេលប៉ូលិសឃុំខ្លួនមួយយប់ដោយគ្មានកំហុស មន្ត្រីនគរបាលមានលោក ចាន់ សុជាង ក៏បានធ្វើកំណត់ហេតុមួយឲ្យគាត់ និងក្មួយផ្ដិតមេដៃដោយក្នុងកំណត់ហេតុនោះសរសេរថា «រូបគាត់ នឹងក្មួយប្រុសជាអ្នកបង្កអសន្តិសុខ នៅក្នុងពិធីបុណ្យអុំទូក រឿងនេះពួកលោកគ្មានជម្រើសទេទើបផ្ដិតមេដៃឱ្យប៉ូលិស ដើម្បីរួចខ្លួនដោះលែងឲ្យមកលំនៅឋានវិញ»។ 

 នៅថ្ងៃទី២១ ខែតុលា ទើបគាត់បានសរសេរពាក្យបណ្តឹងគោរពចូលលោកស្នងការដ្ឋាននគរ បាលខេត្តឲ្យជួយផ្ដល់យុត្តិធម៌ ហើយលោកក៏បានទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យឯកជនក្រុងភ្នំពេញរយៈពេ លបួនថ្ងៃទើបត្រឡប់មកផ្ទះវិញ ។ 

 ជនរងគ្រោះបានបញ្ជាក់ថា ចំពោះការដោះស្រាយគ្នារវាងម្ដាយលោកជាមួយនឹងក្រុមការងារលោកអភិបាលស្រុកកំពុងលែង ២ដងនោះ គឺមិនត្រូវរូវគ្នាទេ ដោយខាងលោកអភិបាលស្រុកបានសម្របសម្រួលឲ្យខាងមន្ត្រីប៉ូលីសចេញសំណង ចំនួន ១ ០០០ដុល្លារមករូបលោក និងក្មួយ ប៉ុន្តែគាត់ទាមទារសំណង ១៥០០០ដុល្លារ។ 

 ជុំវិញរឿងនេះ គាត់នឹងត្រៀមដាក់បណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីស្នើសុំអន្តរាគមន៍ និងដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកយុត្តិធម៌ និងផ្ដន្ទាទោសជនបង្កតាមផ្លូវដើម្បីផ្ដល់យុត្តិធម៌ផងដែរ។ 

 អធិការនគរបាលស្រុកកំពង់លែង បានបញ្ជាក់ថា បុរសឈ្មោះ ស៊ុន ប៊ុនសុង និងក្មួយប្រុស គឺជាអ្នកបង្ករឿងនៅពេលសមត្ថកិច្ចធ្វើការណែនាំ អប់រំ បែរជាតដៃទើបមានបញ្ហាវាយគ្នាបណ្ដាលឱ្យមានរបួសស្នាម ប៉ុន្តែមិនមានការឆក់នោះទេ ហើយស្នាមឆក់នេះប្រហែលជាដួលទៅត្រូវនឹងដំបងឆក់។ ប៉ូលិសថា រឿងនេះមិនអាចទះដៃតែម្ខាងឮនោះទេ និងបើគ្មានភ្លើងក៏គ្មានផ្សែងដែរ។ 

 លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់កាសែតថា «ចំពោះករណីជនរងគ្រោះប្តឹងមន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកកំពុងលេង ចំនួន ០៥នាក់នោះ លោកកំពុងចាត់ចែងតាមនិតិវិធី»