ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះ នៅតែបន្តមានរហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
នៅថ្ងៃទី៣០ ខែតុលា ខេត្តមួយចំនួននៅក្នុងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។ ចំពោះរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%។
ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់លើខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។
ចំណែកឯ រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%។
សូមបងប្អូនជនរួមជាតិ មេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីសុវត្ថិភាពដល់ខ្លួន ការពារការកើតឡើងដោយគ្រោះធម្មជាតិ ៕