2023-10-30 16:57
562

 (ប៉េកាំង)៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុង ប៉េកាំង។ វេទិកាសៀងសាន លើកទី១០ ឆ្នាំ២០២៣ មានការអញ្ជើញចូលរួមពី ប្រមុខថ្នាក់ថ្នាក់ដឹកនាំការពារជាតិ និងកងទ័ព មកពីបណ្តាប្រទេសនៅអឺរុប អាហ្វ្រិក អាស៊ី និង ប្រទេសក្នុងតំបន់អាស៊ានចូលរួមជាង ៦០ ប្រទេស។

 ថ្លែងទៅកាន់ក្នុងសម័យប្រជុំពេញអង្គលើកទី១ ក្នុងវេទិកា សៀងសាន លើកទី១០ ស្តីពី ទំនួលខុសត្រូវ របស់ប្រទេសធំៗ និង កិច្ចសហប្រតិបត្តិការសាកល នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវក្តីសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងវេទិកា សៀងសាន ទីក្រុងប៉េកាំងលើកទី ១០ ដែលជាវេទិកាដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្ត រួមរបស់យើងក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។

 នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ទិដ្ឋភាពសកលលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងរហ័សដែលមិនធ្លាប់ឃើញពីមុនមក និងពោពេញទៅដោយភាពមិនប្រាកដប្រជា ទាំងការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ក្នុងចំណោមមហាអំណាចនានា កំពុងជំរុញឱ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់ នៅក្នុងទិដ្ឋភាពយុទ្ធសាស្ត្រក្នុងតំបន់ និងពិភពលោក ដោយស្ថានភាពនេះបានដាក់សម្ពាធលើសន្តិភាព សន្តិសុខ និងវិបុលភាព។ ឧទាហរណ៍ សង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែនបានបង្កឱ្យមាននូវវិនាសកម្មយ៉ាងខ្លាំង។

 នាយឧត្តមសេនីយ៍បន្ដថា ផលប៉ះពាល់នៃសង្រ្គាមនេះលាតសន្ធឹងហួសពីព្រំដែននៃប្រទេសកំពុងមានជម្លោះទៅទៀត ដោយពួកយើងទាំងអស់គ្នាបានទទួលផលប៉ះពាល់ដោយសារឥទ្ធិពលរបស់សង្រ្គាមនេះ ទាំងដោយផ្ទាល់ ឬដោយប្រយោល។ នេះអាចនាំឲ្យមានការផ្លាស់ប្តូរទស្សនវិស័យដោយសារតែការចុះថយកម្លាំង ឬលទ្ធភាពនៃការលេចឡើងនូវភាគីថ្មីចូលរួមនៅក្នុងជម្លោះនេះ។ កម្សួលនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បាននាំមកនូវការបំផ្លិចបំផ្លាញ និងការឈឺចាប់ដ៏ធំដល់ជនស៊ីវិលស្លូតត្រង់ទាំងសងខាង ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ វាហាក់ដូចជាការសងសឹកដែលគ្មានទីបញ្ចប់។

 នាយឧត្តមសេនីយ៍បន្ថែមថា ការរំពឹងទុកដែលថា ជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនអាចរស់នៅជាមួយគ្នាដោយសុខដុមរមនាហាក់ដូចជាកាន់តែរសាត់ឆ្ងាយទៅ។ ភាពរន្ធត់ តក់ស្លុត និងការអស់សង្ឃឹមរបស់ជនស្លូតត្រង់ ជាពិសេសស្ត្រី និងកុមារ គឺមិនអាចវាស់វែងបានឡើយ។ ការកើនឡើងនៃទំហំសង្រ្គាម តាមរយៈការសម្លាប់ដែលមិនរើសមុខ និងការប្រើប្រាស់ប្រតិបត្តិការយោធាមិនសំចៃដៃ ឆ្លុះបញ្ចាំងពីការថមថយនូវការជឿទុកចិត្តគ្នា និងការថយចុះទំនុកចិត្តលើពហុភាគីនិយម។

 នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ទៀតថា តាមបទពិសោធន៍របស់កម្ពុជា យើងជឿជាក់យ៉ាងមុតមាំថា ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយជម្លោះ។ ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ គួរតែធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកប្រកបដោយការស្ថាបនា ដើម្បីបញ្ឈប់អំពើហិង្សា ជំរុញការយោគយល់គ្នា និងគោរពផលប្រយោជន៍ និងសន្តិសុខរបស់គ្នាទៅវិញទៅមក ក្នុងពេលដែលនៅបន្តរក្សាសន្តិសុខ និងផលប្រយោជន៍ជាតិរៀងៗខ្លួន។

 លោកថា សន្តិភាពនៅតែជាមូលដ្ឋានគ្រឹះនៃសេចក្តីប្រាថ្នារួមរបស់យើង។ មានតែតាមរយៈការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការសន្ទនាប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវស្ថិរភាព និងបង្កើតបរិយាកាសអំណោយផលដល់វឌ្ឍនភាព និងការអភិវឌ្ឍ។ ដូច្នេះ ការប្តេជ្ញាចិត្តគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការគោរពអធិបតេយ្យភាពរបស់ប្រទេសនានា នៅតែជាកត្តាសំខាន់បំផុតសម្រាប់ប្រជាជាតិទាំងអស់។

 ក្នុងនាម ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ជាមួយប្រជាជាតិទាំងអស់ តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោក។ កម្ពុជានឹងបន្តដើរតាមផ្លូវនៃគោលនយោបាយ ការបរទេសឯករាជ្យ និងអព្យាក្រឹតផ្អែកលើច្បាប់ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

 លោកបន្ដថា គោលដៅរបស់យើងគឺលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងជំរុញទំនាក់ទំនងមិត្តភាពថ្មី។ កម្ពុជានៅតែប្រកាន់ជំហរប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ដោយសាររាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ យើងអំពាវនាវ ឲ្យមានការបន្តគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ យើងក៏ជំរុញឲ្យមានការចូលរួមកាន់តែច្រើនពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាច ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន និងគ្រាប់មីនមិនទាន់ផ្ទុះ ដែលជាសសរស្តម្ភលាក់មុខ គំរាមកំហែងដល់សន្តិសុខមនុស្ស សូម្បីតែបន្ទាប់ពីការបញ្ចប់ជម្លោះប្រដាប់អាវុធក៏ដោយ។

 ជាងនេះទៅទៀត ក្នុងនាមជាប្រទេសដែលចូលរួមចំណែកបរិច្ចាគកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាព កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រតិបត្តិការរក្សាសន្តិភាព ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់ របស់យើង ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ស្របនឹងបញ្ហានេះ យើងសន្យាបន្តដាក់ពង្រាយកងរក្សាសន្តិភាពបន្ថែមទៀត ទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អង្គការសហប្រជាជាតិ។

 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីថា ៖ កម្ពុជា ធ្លាប់ឆ្លងកាត់សង្រ្គាម រ៉ាំរ៉ៃជាច្រើនឆ្នាំ ហើយសន្តិភាពដែលជាគ្រឹះ នៃស្ថិរភាពនយោបាយបច្ចុប្បន្ន គឺបានមកដោយសារការប្រើប្រាស់កិច្ចសន្ទនា ការអត់អោនអោយគ្នា និង ការបង្កើនជំនឿទុកចិត្ត។ ទាំងនេះគឺជាគោលការណ៍គ្រឹះនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមនៅចុងឆ្នាំ១៩៩៨ ដោយនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ កម្ពុជាគិតថាការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្រ្គាមមិនមានប្រសិទ្ធិភាពឡើយ ក្នុងការស្វែងរកសន្តិភាព។

 នាយឧត្តមសេនីយ៍ ទៀ សីហា បានអំពាវនាវឲ្យប្រជាជាតិទាំងអស់បន្តប្តេជ្ញាចិត្តចំពោះប្រព័ន្ធពហុភាគី ការគោរពច្បាប់និងបទដ្ឋានអន្តរជាតិ និងគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលទាំងអស់នេះគឺដើម្បីការពារនិងលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការបង្កើនឯកភាព និងមជ្ឈភាពរបស់អាស៊ាន ក្នុងបរិការណ៍នៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ហើយយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រទេសទាំងអស់ ដើម្បីលើកកម្ពស់នូវ បរិយាបន្ន សន្តិភាព និងវិបុលភាពទាំងក្នុងតំបន់ និងក្រៅតំបន់៕