(កំពត)៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះដែលជាថ្ងៃទី ២ នៃដំណើរជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី ១២ នៅខេត្តកំពតឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពតនិងជាប្រធានគណៈកម្មាធិការទី ១០ នៃរដ្ឋសភាបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងពីរជាន់មាន ១០ បន្ទប់និងជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី ១២ ក្នុងស្រុកឈូកនិងក្រុងកំពតនិងក្រុងបូកគោនៅវិទ្យាល័យព្រះនរោត្តមរណឬទ្ធិ។
ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលជិតប្រឡង គ្រូបង្រៀន និងជួយជំរុញដល់គុណភាពនៃការសិក្សាអប់រំរបស់សិស្សនៅខេត្តកំពតឲ្យកាន់តែប្រសើរ ឯកឧត្តម បណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភា បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង ២ជាន់១០បន្ទប់ និងបានជួបសំណេះសំណាលចែករំលែកបទពិសោធជូនសិស្សថ្នាក់ទី១២នៅទូទាំងខេត្តកំពត។
ពិធីនោះអមដំណើរដោយឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំង ឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំជុំវិញខេត្តសរុបប្រមាណ ២,០០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក្រើនរំលឹកដល់សិស្សានុសិស្សឲ្យយល់ពីតម្លៃ នៃការសិក្សារៀន ដោយផ្តោតសំខាន់ទៅលើគោលបំណងបីសំខាន់ ទី១.ចង់មានចំណេះដឹង(ច្បាប់ទម្លាប់សង្គមផ្សេងៗ) ២. ដើម្បីបណ្តុះបញ្ញា និងប្រាជ្ញា និងទី៣. ចង់បានបុណ្យស័ក្តិមុខមាត់ក្នុងសង្គម ។
ឯកឧត្តមក៏បានបានផ្តាំផ្ញើរដល់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់សូមកុំចំណាយពេលវេលាឥតប្រយោជន៍ ត្រូវប្រមូលកម្លាំងកាយ បញ្ញា ស្មារតី ខិតខំរៀនសូត្រឲ្យបានចេះចាំលើគ្រប់មុខវិជ្ជា ចូលរួមឲ្យបានជាប់លាប់ ក្នុងវគ្គបំប៉នដែលសាលាបានរៀបចំ ខិតខំសិក្សាស្រាវជ្រាវបន្ថែម ជាមួយមិត្តភក្តិ ដើម្បីត្រៀមខ្លួន និងបង្កើនភាពជឿជាក់លើខ្លួនឯង ក្នុងការទទួលបានជោគជ័យក្នុងការប្រឡង សម្រាប់ជាស្ពានបន្តការសិក្សា រឺស្វែងរកអាជីពជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិយើង។
បើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន ស៊ីម៉ន ក្នុងរយៈពេលជាង២០ឆ្នាំនេះ ឯកឧត្តមបានផ្តល់អាហារូបករណ៍ ជូនដល់សិស្សនិស្សិតខេត្តកំពតចំនួន ៣៦២៣នាក់ ក្នុងនោះ ៧០០នាក់កំពុងបន្តការសិក្សា ហើយផ្សេងទៀតបានចេញចម្រើការងារអស់ហើយ។
(សឹង រ៉ាត់)