កំពង់ស្ពឺ៖ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលការងារព្រហ្មទណ្ឌ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថ ចំនួន០ ៤រូបទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ពន្លាតទឹកដីឃាត់ខ្លួនសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន
យោងតាមសេចក្តីរាយការណ៍ បានបង្ហើបឲ្យដឹងថា លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលេខេតកំពង់ស្ពឺ ទទួលការងារព្រហ្មទណ្ឌទណ្ឌ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក ពេជ្រ ទីន នាយផ្នែកព្រហ្មទណ្ឌ និងមន្ត្រីកងរាជអាវុធហត្ថ ចំនួន ០៣រូបទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។
ពាក់ព័ន្ធនឹងការចាប់ខ្លួន មេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ មេបញ្ជាការស្រុកភ្នំស្រួច និងមន្ត្រី ០៤រូបទៀតនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖
១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធីដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។
២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើស ចំនួន ០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង ០៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង ០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។
៤- មន្ត្រីនគរបាលយុត្តិធម៌ បាននឹងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។
៥- ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
ក្រោយការចាប់ខ្លួន លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកពេជ្រ ទីន មន្ត្រីផ្នែកព្រហ្មទណ្ឌអាវុធហត្ថខេត្ត, លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងលោក មុន្នី មេបញ្ជាការរងស្រុកភ្នំស្រួច និងមន្ត្រីចំនូន ០២នាក់ទៀត ត្រូវបានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមច្បាប់៕