ភ្នំពេញ៖ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ តាមប្រព័ន្ធតេឡេក្រាមថា តំណាងអយ្យការ បានស៊ើបសួរ លើជនជាតិចិន ចំនួន១០ នាក់ ដែលជាក្លោងថតរឿងកូនជ្រូក នៅក្នុងសណ្ឋាគារ Wow Now រួចចោទប្រកាន់ជាផ្លូវការ។
លោក ប្លង់ សុផល បានឲ្យដឹងថា «សំណុំរឿងនេះ តំណាងអយ្យការបានបេីកការស៊េីបសួររួចហេីយពីបទ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស និងអំពេីធ្វេីអាជីវកម្មផ្លូវភេទ»។
ពាក់ព័ន្ធករណីថតរឿងអាសអាភាសនេះ មន្ត្រីសិក្សាផ្នែកច្បាប់ បានលើកឡើងថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ គឺបានការពារនូវតម្លៃដ៏ផូរផង់របស់ស្ត្រីខ្មែរ ដូច្នោះហើយបានជាក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីការប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ កំណត់ផ្តន្ទាទោសដាក់គុកអ្នកប្រព្រឹត្តផ្ទាល់ អ្នកចូលរួម (សហចារី) និងអ្នកសមគំនិត។ តែប៉ុន្មានថ្ងៃនេះ ក្រោយពីសមត្ថកិច្ចបង្ក្រាប និងចាប់ឃាត់ខ្លួនជនជាតិចិនជាតួឯកប្រុស និងនារីខ្មែរជាតួរឯកស្រីថតរឿងអាសអាភាស (Blue Movie) នោះបែរជានារីជាតួរឯកអាចកាន់ទូរសព្ទសរសេរផុសតបជាស្ត្រីៗ ជាមេផ្ទះយ៉ាងរំភើយទៅវិញ (?) ...ចឹងបើអន្តរជាតិគេថាករណីជួញដូរផ្លូវនៅកម្ពុជាកាន់តែកើនសូមកុំខឹងគេអីពីព្រោះសមត្ថកិច្ចអនុវត្តច្បាប់ធូររលុងពេកហើយ ។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងអាសអាភាសបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនកើតហេតុមាននារីខ្មែរ ចំនួន ០២នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន ១ ក្រុមនោះថា យកពួកនាងទៅថត និងផលិតរឿងជាវីដេអូក្តៅសាច់ នៅក្នុងបន្ទប់ជាន់ទី៩ នៃអគារ Wow Now កើតហេតុខាងលើ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការ នគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើរគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគារមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេសប្រមាណជិត ៥០នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស។
ពួកគេត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទសញ្ចរកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែកចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរង គ្រោះ ០២នាក់។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរបន្តតាមនិតិវីធីផងដែរ៕