2023-10-31 12:22
561

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ៤លានរៀល ចំពោះប្រជាពលរដ្ឋណាបង្ហាញអត្តសញ្ញាណបុរសម្នាក់ ដែលវាយសម្លាប់សត្វឈ្លូសមួយក្បាលរត់ធ្លាក់ទឹកសមុទ្រ កាលពីពេលកន្លងទៅថ្មីៗនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ 

 លោកជំទាវ អភិបាលខេត្ត បានបានសរសេរលើបណ្តាញសង្គមថា «សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា៖ ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោកបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង»។ 

ពាក់ព័ន្ធករណីខាងលើ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ 

 លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា «ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់»។ 

 លោកជំទាវ បន្ថែមថា អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕