2023-10-31 13:24
571

ភ្នំពេញ៖ ក្រសួងធំៗចំនួន ៣ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍។   

ពិធីចុះហត្ថលេខានេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ 

ចំពោះខ្លឹមសារសំខាន់នៃការចុះហត្ថលេខារបស់ក្រសួងទាំង ៣ នាឱកាសនោះ រួមមាន៖ 
១- កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត រវាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន។ 


២- កិច្ចសហប្រតិបត្តិការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់ មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន រវាងលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន។ 

៣- កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ រវាង លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោមរដ្ឋមន្ត្រីក្រសួងទេសចរណ៍៕