2023-10-31 15:30
515

ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ប្រជាពលរដ្ឋចំនួន៧៣គ្រួសាររស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីវេលាម៉ោង៣និង៣០នាទី ។

    សកម្មភាពមនុស្សធម៍នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ  រួមជាមួយក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌជាច្រើននាក់ទៀត ។ 

   មានមតិសំណេះសំណាលនិងផ្ដាំផ្ញើក្នុងកម្មវិធីមនុស្សធម៌នេះដែរ លោកអភិបាលខណ្ឌបាន ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព កូនចៅរបស់ខ្លួននៅក្នុងគ្រួសារ ហាមសុំឲ្យកូនចៅចុះលេងទឹក  ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស គ្រប់ប្រភេទ ។  ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ  ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត  បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ផ្សេងផ្សេង  ។  

   ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហម កម្ពុជាដែលជានិច្ចកាលសម្ដេច តែងតែគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិ សាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ  ។

   នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ ដល់អាជ្ញាធរ សង្កាត់និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។

   អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម និងថវិកាមួយចំនួន៕