2023-10-31 15:32
679

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ផងដែរ។


នាឱកាសនោះ លោក សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញត្រួតពិនិត្យនូវទីតាំងនានាជុំអគារទីស្តីការថ្មីក្រសួងមហាផ្ទៃ និងទីតាំងបម្រើការងារមួយចំនួនរបស់មន្ត្រីរាជការនៃក្រសួងមហាផ្ទៃ ព្រមទាំងពិនិត្យមើលទីតាំងត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ផងដែរ។

សូមជម្រាបជូនថា ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នាដើមខែវិច្ឆិកា ឆ្នាំ២០២៣ដ៏ខ្លីខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕