2023-10-31 03:10
450

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងឆបោកមួយមកបើកសវនាការជំនុំជម្រះទោសពាក់ព័ន្ធនឹងឈ្មួញម្នាក់រកស៊ីទិញលក់ដីខ្យល់ ដោយភាគីដើមបណ្តឹងស្នើសុំឱ្យតុលាការចាប់ខ្លួនជនត្រូវចោទដើម្បីទូទាត់ប្រាក់សំណងរដ្ឋប្បវេណី ។ 

សវនាការជាសាធារណៈដែលធ្វើឡើងដោយលោក តុប ឈុនសុង ចៅក្រមជំនុំ ជម្រះ និងលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខភាគីដើមបណ្តឹងនិងមេ ធាវីការពារក្តី កំបាំងមុខជនត្រូវចោទ តែចាត់ទុកចំពោះមុខ ដោយភាគីចុងចោទ មានមេធាវីការពារក្តីចូលរួមស្តាប់ និងសួរដេញដោលរហូតដល់ទីបញ្ចប់ ។ 


បន្ទាប់មកសវនាការត្រូវបានចៅក្រមជំនុំ ជម្រះលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ។ ជនត្រូវចោទក្នុងសំណុំរឿងនេះមានឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររកស៊ីទិញ.លក់ដី ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវលេខ២ បុរីតាំងលីម ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ចំណែកដើមបណ្តឹងក្នុងសំណុំរឿងឆបាក នេះមានជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះ ឈូក សុភ័ក្ត និងម្នាក់ទៀតឈ្មោះ ស៊ាង ចាន់ណាក់ មុខរបរជាជាងដែក ។ 
តាមអង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ទី១-កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះទាំង២នាក់បានសហការចូលលុយគ្នាទិញដីចំនួន១៧ឡូត៍ ស្ថិតនៅភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីឈ្មោះ ហ៊ាង អេងទ្រី ដោយបានធ្វើកិច្ចសន្យាទិញ-លក់ដីធ្លី និងលិខិតប្រគល់-ទទួលប្រាក់ត្រឹមត្រូវទៅតាមបទដ្ឋានអាជ្ញាធរដោយស្របច្បាប់ ដែលមានទំហំទឹកប្រាក់សរុបចំនួន ៣២ ២០០ ដុល្លារអាមេរិក ស្មើនឹងតម្លៃទិញលក់សរុប ។ ទី២-បន្ទាប់ពីជនរងគ្រោះបានបង់ប្រាក់ឱ្យទៅឈ្មោះ ហ៊ាង អេងទ្រី ឈ្មួញទិញលក់ដីធ្លីចំនួន៥០ភាគរយហើយ បានសួរនាំរឿងប្លង់ដី សុំមើលប្លង់ដី បែរជាឈ្មោះ ហ៊ាង អេងទ្រី រកលេសឆ្លើយដោះសា និងពន្យារពេលជាហូរហែ រហូតដល់ចុងក្រោយមានចម្លើយយ៉ាងខ្លីថា”គ្មានដីឱ្យទេ” ។ 

ដោយសារការទុកចិត្តជាមនុស្សធ្លាប់រាប់អានគ្នា និងមើលឃើញមុខរបរជាតំណាងការិយាល័យអចលនទ្រព្យក្រុមហ៊ុន ធី ស៊ី ប៊ី និងមានគំនូសបង្ហាញទីតាំងដីពុះឡូត៍ថ្មីលក់នោះ ទើបជនរងគ្រោះសម្រេចប្រគល់ប្រាក់ទិញលក់ដីឱ្យទៅជនត្រូវចោទ ទីបំផុតដូចទិញដីខ្យល់ ។ ទី៣-ទោះបីជាឈ្មោះ ហ៊ាង អេងទ្រី គ្មានដីឱ្យទៅដើមបណ្តឹងក៏ដោយចុះ ជនរងគ្រោះទាំង២នាក់បានយោគយល់ និងព្យាយាមណាត់ជួបដើម្បីឱ្យជនត្រូវចោទសងប្រាក់ដើមវិញ តែឈ្មួញដីម្នាក់នេះគេចវេះរហូត ។ ទី៤-ដោយពិនិត្យទៅលើទង្វើរបស់ឈ្មោះ ហ៊ាង អេងទ្រី ត្រូវបានច្បាប់កំណត់ថាជាបទល្មើស “ឆបោក” ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ទើបជនរងគ្រោះទាំង២នាក់សម្រេចចិត្តពឹងពាក់មេធាវីការពារក្តីដើម្បីចាត់ការលើឈ្មួញរកស៊ីទិញលក់ដីធ្លីដោយទុច្ចរិតនេះ។ 

ដូច្នេះបទល្មើស ឆបោក ច្បាប់តម្រូវឱ្យផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារចាប់ពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល ដោយមិនទាន់គិតពីសំណងរដ្ឋប្បវេណីឡើយ ៕