2023-11-01 08:11
430

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ លោក ហ៊ុន សុរិទ្ធី  អភិបាលរងរាជធានីតំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក្រុមប្រឹក្សាខណ្ឌ;មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជនផងដែរ។

 ដើម្បីឱ្យគម្រោងបានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខណ្ឌ៧មករា បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤ –២០២៦ ដើម្បីអោយមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីតំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជនបានចូលរួម។

 លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានប្រសាសន៍លើកឡើងថាការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់សង្កាត់ទាំង៨របស់ខណ្ឌ នៅពេលនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌ សង្កាត់ និងការ ស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។

 លោកបន្តថា ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពី ថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នៅតាមសាលាខណ្ឌនីមួយៗ ។ សិក្ខាសាលានេះរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

 លោក ហ៊ុន សុរិទ្ធី  អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសង្កាត់ទាំង៨ដែលបានខិតខំប្រឹងប្រែង ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់របស់ខ្លួននិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ទីរ អង្គភាពនានាចំណុះរដ្ឋបាល រាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល សប្បុរសជនដែលបានគាំទ្រគម្រោងរបស់សង្កាត់ ខណ្ឌក្នុងឆ្នាំកន្លងមកនេះ។

 លោកហ៊ុន សុរិទ្ធី បានបញ្ជាក់បន្ថែមថា អង្គភាពជំនាញពាក់ព័ន្ធនឹងបន្តការគាំទ្រដល់ គម្រោងសកម្មភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ និងគម្រោងសកម្មភាពកម្មវិធីវិនិយោគជាអាទិភាពរបស់សង្កាត់ជាបន្តទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។

  បើតាមរបាយការណ៍នៃគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលា សមាហរណកម្មឆ្នាំ២០២២ ដែលបានអនុវត្តឆ្នាំ២០២៣ រួមមាន គម្រោងដែលទទួលបានការគាំទ្រឆ្នាំ២០២៣ សរុបចំនួន ១៨១គម្រោង អនុវត្តសម្រេចបាន ១២៥គម្រោង ដែលមានដូចជា ផ្នែកសេដ្ឋកិច្ច ចំនួន ៣៩គម្រោង ផ្នែកសង្គមកិច្ចចំនួន ៧៦គម្រោង លើ ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ចំនួន ៣៦គម្រោង ផ្នែកសេវា រដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣០ គម្រោង។ 

 សម្រាប់គម្រោងជាអាទិភាព ឆ្នាំ២០២៤ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន ១១០គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច ៣២គម្រោង; ផ្នែកសង្គមកិច្ច៤៦គម្រោង ;ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន៨គម្រោង; ផ្នែកសេវាកម្មរដ្ឋបាល និងសន្តិសុខ២៤គម្រោង៕