2023-11-01 08:51
441

 

(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ បានលើកឡើងជាសំណើសំណូមពរជាច្រើនពាក់ព័ន្ធទៅនឹងការស្នើសូមឲ្យអាជ្ញាធរជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី សូមដោះស្រាយការលិចលង់លំនៅដ្ឋានជាមួយ នឹងការសុំស្ថាបនាផ្លូវ លូ និងប្រឡាយផងដែរ។

 ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីតំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅបរិវេណសាលាខណ្ឌដង្កោ។

 រាល់សំណើ និងសំណូមពរផ្ទាល់មាត់ របស់ប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែង បានរួចរាល់។

 លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងវេទិកានេះ មានប្រជាពលរដ្ឋបានស្នើឡើង និងសំណូមពរផ្ទាល់មាត់ ចំនួន១០នាក់ ស្មើនឹង ១៨បញ្ហា ជាលាយលក្ខណ៍អក្សរ ចំនួន៥៩ច្បាប់ ហើយចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋនោះ បានធ្វើការដោះស្រាយជាបន្តបន្ទាប់។

 លោក មាន ចាន់យ៉ាដា ក៏បានជំរុញឲ្យកងកម្លាំង ក៏ដូចជាអាជ្ញាធរ រក្សាឲ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ពង្រឹងការផ្ដល់សេវា ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿនឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈច្រកចេញចូលតែមួយ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ និងត្រូវផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋឲ្យបានល្អ ពោលគឺធ្វើយ៉ាងណាឱ្យពលរដ្ឋចូលរួមសហការជាមួយ។

 លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ដែលជួបបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម ។ លោកបន្តថា សម្រាប់ផែនការអភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ បានដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋឲ្យបានដឹង បានឮ និងឃើញតាមរយៈរបាយការណ៍ដែលបានចែកជូន នៅក្នុងវេទិកានេះហើយដែរ៕