2023-11-01 09:24
583

ឯកឧត្តម ឡុង ហុកម៉េង ត្រូវបានតែងតាំងព្រះរាជអាជ្ញា នៃអយ្យាកាអមសាលាដំបូងខេត្តរតនគិរីជំនួសឯកឧត្តម ងិន ពេជ ត្រូវបានផ្ទេរភារកិច្ចជាព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្តត្បូងឃ្មុំពីធីប្រកាសព្រះរាជអាជ្ញានេះបានប្រារព្ធធ្វើឡើងព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ នាបរិវេណសាលាដំបូងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមានការចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកអតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីនាពេលកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងការដឹកនាំ អនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសសង្ឃឹមថាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីថ្មី បន្តសហការ និងមានទំនាក់ទំនងល្អលើវិស័យយុត្តុធម៌ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗ ជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីនេះឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារ ក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ងិន ពេជ ដែលបានចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង មានកិច្ចសហការល្អ ជាមួយអាជ្ញាធរអនុវត្តច្បាប់នៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តមអភិបាលខេត្តរតនគិរី និងអាជ្ញាធរដែនដី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលបានផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការគាំទ្រល្អជាមួយសាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋនាពេលពេលកន្លងមក និងសូមឱ្យបន្តកិច្ចសហការល្អនេះជាមួយសាលាដំបូង ជាពិសេសជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ ដោយអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល៕