កំពង់ស្ពឺ៖ ឃ្លាំងជួសជុល និងលក់រថយន្តដ៏ធំមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យរងការខួចខាតស្ទើរទាំង ដោយឆេះរថយន្តអស់ជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចចេញអន្តរាគមជួយបាញ់ពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលដល់លំនៅដ្ឋានផ្សេងៗទៀត។
ករណីគ្រោះអគ្គិភ័យខាងលនេះ កើតឡើងនៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០និង៤៥នាទី ស្ថិតនៅចំណុច ភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
របាយការណ៍នគរបាលបានបង្ហាញឱ្យដឹងថា ករណីអគ្គិភ័យឆេះការ៉ាស់ជួសជុល និងរថយន្តរថយន្ដនេះ បង្កឱ្យខួចខាតឃ្លាំងទំហំ ២០ម៉ែត្រគុណនឹង៣៤ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អាយុ ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ជាម្ចាស់ឃ្លាំង និងម្ចាស់ទីតាំង។
របាយការណ៍បានបញ្ជាក់ថា ក្នុងករណីខាងលើ អគ្គិភ័យឆេះរថយន្ដ សរុបចំនួន ០៦គ្រឿង រួមមាន៖ Lexus 470 ចំនួន ០១គ្រឿង, រថយន្ដ Ford Ranger pickup ចំនួន ០២គ្រឿង, ឆេះរថយន្ដ Land Cruiser ចំនួន ០២គ្រឿង, រថយន្ដដឹកទំនិញ ចំនួន ០១គ្រឿង និងឆេះសម្ភារៈប្រើប្រាស់ក្នុងរថយន្ដមួយចំនួនទៀត។
ក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឱ្យមានរបួសមនុស្ស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានម្ចាស់ការ និងជួយអន្ដរាគមន៍គ្រប់គ្រងបាញ់ទឹកពន្លត់ទប់ស្កាត់មិនឱ្យអគ្គិភ័យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬលំនៅឋាននៅក្បែរទីតាំងឆេះនោះទេ ដោយប្រើប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យ ចំនួន ០៦គ្រឿង និងប្រើទឹកអស់ ចំនួន ០៧រថយន្ត។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីគ្រោះអគ្គិភ័យឆេះឃ្លាំងជួសជុល និងលក់រថយន្តនេះ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕