កណ្តាល៖ ស្ថាបនិកក្រុម «Tongo» ជាក្រុមបងធំបង្កើតឡើងដើរអុកឡុងបង្កភាពអសន្តិសុខ ប្រចាំទឹកដីក្រុងតាខ្មៅ ត្រូវអស់ល័ក្ខ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅដុះក្លែល បង្ក្រាប និងឃាត់ខ្លួនបាន ចំនួន ០២នាក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិវិធី បន្ទាប់ពីធ្វើសកម្មភាពអុកឡុង និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អធិការនគរក្រុងតាខ្មៅ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបក្រុមជនក្មេងទំនើងពីរនាក់ដែលជាស្ថាបនិក នៃក្រុម «Tongo» និងកំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកបន្តទៀត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
របាយការណ៍ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យទាំង ០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ លាប សប្តាហ៍ ហៅ ស៊ីមេន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួន និងទី២- ឈ្មោះ ហេង សុផានិត ហៅក្លូរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងអាគារវប្បធម៌ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដឃាត់ខ្លួន។
របាយការណ៍ប៉ូលិសបានបន្ថែមទៀងថា ជនសង្ស័យដែលកំពុងគេចខ្លួន រួមមាន៖ ទី១- ឈ្មោះ ងីម គីមហួត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដគេចខ្លួន, ទី២- រហ័ស្សនាម អាក្បាលធំ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ គេចខ្លួន , ទី៣- ឈ្មោះ ចន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនស្គាល់គេចខ្លួន និងទី៤- មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅមិនស្គាល់គេចខ្លួន។
សូមជម្រាបថា៖ នៅថ្ងៃទី៣១-១០-២០២៣ ម៉ោង១៧និង០០នាទី ជនរងគ្រោះកំពុងអង្គុយលក់កាហ្វេដូចសព្វដង ពេលនោះស្រាប់តែជនសង្ស័យចំនួន០១ក្រុមមានគ្នាចំនួន៦នាក់ខាងលើបានជិះម៉ូតូចំនួន០៣គ្រឿងដោយដៃមានកាន់កាំបិតបុ័ងតោចំនួន០៣ដើមនិងដុំថ្មចំនួន០១ដុំមកដល់ហាងកាហ្វេក៏ចុះពីលើម៉ូតូដើរចូលក្នុងហាងកាហ្វេស្រែកគំរាមគេអែងនិងយកកាំបិតកាប់ទៅលើកៅអីជ័របណ្តាលអោយខូចខាត រួចហើយក៏នាំគ្នាឡើងជិះម៉ូតូហើយគុបដុំថ្មចូលមកក្នុងហាងថែមទៀតផងនិងជិះម៉ូតូចេញបាត់អស់។ក្រោយមកជនរងគ្រោះបានខលទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយប៉ុស្តិ៍តាខ្មៅឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមទាំវត្ថុតាងយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅនិងចាត់ការតាមនិតិវិធី។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនស្ថាបនិកក្រុម «Tongo» នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០២នាក់ បានសារភាពថា «ក្រុមខ្លួន និងបក្ខពួកពិតជាបានកាន់កាំបិតបុ័ងតោ ដើរចូលទៅក្នុងហាងកាហ្វេ ស្រែកគំរាម និងកាប់បំផ្លាញកៅអីជ័របិតប្រាកដមែន»។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ព្រមទាំងតាមប្រមាញ់បក្ខពួកក្រុម «Tongo» កំពុងគេចខ្លួនបន្ថែមទៀតផងដែរ៕