ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្ស ប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគបៃតង អមជាមួយទិវាពិភពលោកស្អាតលើកទី៦ ឆ្នាំ២០២៣ ដើម្បីរួមចំណែកផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យ និងចូលរួមសម្អាតបរិស្ថាន។
ឯកឧត្តម សុខ លូ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមដាំនិងថែទាំដើមឈើនៅតាមទីសាធារណៈដើម្បីលើកកម្ពស់ភាពបៃតង ដោយបានដាក់ចេញនូវយុទ្ធនាការដាំដើមឈើនៅគ្រប់ដងផ្លូវទាំងអស់នៅក្នុងក្រុងបាត់ដំបង តាមទីធ្លាសាធារណៈ និងតំបន់លំហែកម្សាន្តផ្សេងៗ ខណៈ ពេលនេះរដ្ឋបាលខេត្តបាត់ដំបងបាននឹងកំពុងខិតខំបង្កើនការដាំដើមឈើ រៀបចំសណ្ដាប់ធ្នាប់សាធារណៈបង្កើតជាសួនច្បារប្រណីតៗដែលមានទម្រង់ជាស្មាតហ្កាដិននៅក្នុងក្រុងបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ។ ជាក់ស្ដែងក្នុងពិធីបុណ្យអុំទូកនិងបណ្ដែតប្រទីប ថ្ងៃចេញព្រះវស្សា ដែលធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ បានទាក់ទាញទេសចរយ៉ាងច្រើនកុះកររហូតដល់ជាង១លាននាក់ដែលជាចំនួនមួយដ៏ច្រើនបំផុត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អនុគណកម្មការរៀបចំកម្មវិធីបុណ្យអុំទូកខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក សិល្បករ សិល្បការិនី យុវជនស្ម័គ្រចិត្ត បងប្អូនអាជីវករ កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំរួមគ្នាជួយឱ្យបុណ្យអុំទូកបណ្តែតប្រទីបនៅខេត្តបាត់ដំបងរយ:ពេលពីរថ្ងៃបានប្រព្រឹត្តទៅដោយជោគជ័យ និងមានបងប្អូនប្រជាពលរដ្ឋបានមកកម្សាន្តសប្បាយរីករាយយ៉ាងច្រើនកុះករ៕