កំពង់ស្ពឺ៖ កម្លាំងនគរបាលនាយករដ្ឋព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតឈានដល់បំបែកសំណុំរឿងលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) អាជីវករលក់មាស ប្តូរប្រាក់យកអស់ទ្រព្យសម្បត្តិគ្រឿងអលង្កាចំនួន ២៥០តំឡឹង សរុបជាប្រាក់ប្រមាណជាង ១៦ម៉ឺនដុល្លារ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជនសង្ស័យក្នុងករណីគាស់ផ្ទះអ្នកលក់មាស និងប្តូរប្រាក់ខាងលើ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ ដោយមានការសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, និងខេត្តកោះកុង ឃាត់ខ្លួនបានចំនួន ០២នាក់ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
នគរបាលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនជាបន្តបន្ទាប់ ចំនួន ០២នាក់ រួមមានើ ទី១- ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុស អាយុ ៣៩ឆ្នាំ មានស្រុកកំណើត នៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប និងទី២- ឈ្មោះ ណាម វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅ ភូមិកំពង់ពិល ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
សូមរំឭកថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) លួចយកគ្រឿងអលង្ការអាជីវករលក់មាស និងប្តូរប្រាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ ៤៤ ក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយបាត់បង់គ្រឿងអលង្ការមាសអស់ ២៥០តំឡឹង ស្មើនឹងទឹកប្រាក់ជាង ១៦ម៉ឺនដុល្លារ។
ក្រោយពីកើតហេតុ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន។ លុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, និងខេត្តកោះកុង ឃាត់ខ្លួនបានជនសង្ស័យតែម្តង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំយកមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា «នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ពិតប្រាកដមែន ដោយលួចបានគ្រឿងអលង្ការមាស និងផ្លាកទីន ចំនួន ២៥០តម្លឹង សរុបជាទឹកប្រាក់ចំនួន ១៦០,០០០ដុល្លារ ហើយបានគេចទៅលាក់ខ្លួននៅស្រុកកំណើត ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង»។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញនាយកដ្ឋានបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕