វេទិការដ៏មានសារៈសំខាន់នេះបានធ្វើឡើង នាព្រឹកថ្ងៃទី១ខែ វិច្ឆិកាឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត។
ថ្លែងបើកអង្គវេទិការ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះមានគោលបំណង ដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍនានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
ឯកឧត្តម ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវេទិកានេះ ក៏បានផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងមានគម្រោងជា អទិភាពនានា ក្នុងឆ្នាំកន្លងមក ពិសេសនោះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈម របស់ខ្លួន ពិសេសក្នុងមូលដ្ឋាន ដែលបងប្អូនកំពុងរស់នៅ ដើម្បីឲ្យវាគ្មិន មន្ទីរជំនាញពាក់ព័ន្ធ បកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកប់ដោយប្រសិទ្ធភាព។
ថ្លែងនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា រាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរថ្នាក់ដឹកនាំខេត្ត ស្វែងរកនូវដំណោះស្រាយមួយ ល្អប្រសើជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេះសល់បន្ទាប់ពីការបកស្រាយ របស់អង្គភាពជំនាញ ពាក់ព័ន្ធថ្នាក់ដឹកនាំខេត្ត និងយកទៅពិភាក្សា និងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់ ជាពិសេសនៅក្នុងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តជាដើម។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ សូមកុំឲ្យមានព្រួយបារម្មណ៍ចំពោះបញ្ហាដែលបានកើតឡើង ព្រោះរដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីឆ្លើយតប និងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធិភាព ៕