ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ដល់បងប្អូនដែលជាអ្នកកំពុងប្រកបរប អ្នកផលិតវីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ត្រូវចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ ក្រោមយុទ្ធសាស្រ្តនយោបាយបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា
លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌េ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តី ការក្រសួងវប្បធម៌ បានរៀបចំសិក្ខាសាលា ស្តីពី «ការលើកតម្លៃវប្បធម៌ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញសង្គម» ដោយមានចូលរួមពីសំណាក់អស់លោក លោកស្រីតំណាងក្រសួងកិច្ចការនារី, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងព័ត៌មាន, ក្រសួងធម្មការ និងសាសនា, អគ្គស្នងការគនរបាលជាតិ ព្រមទាំងលោក លោកស្រីតំណាងអង្គការ សមាគម ផលិតករ សិល្បៈករសិល្បការិនី អ្នកផលិតមាតិកាកម្សាន្ត សរុបចំនួន ១៥០រូប។
លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការអប់រំ ចែករំលែកបទ ពិសោធន៍ និងបញ្ច្រាបចំណេះដឹង ជូនដល់បងប្អូនដែលកំពុងប្រកបរបរ ជាអ្នកផលិត វីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំង អ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ ក្រោមយុទ្ធសាស្រ្តនយោបាយបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»៕