2023-11-01 18:23
499

ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ និងជាមន្រ្តីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតសាច់បង្កកប្រមាណ ៣,៥០០ គីឡូក្រាម ក្រោយឆែកឆេរលើឃ្លាំងស្កុកនិងចែកចាយមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។ 

ប្រភពដដែលបន្តថា ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការត្រូួតពិនិត្យនោះមន្រ្តីជំនាញ ក.ប.ប. បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។ រីឯម្ចាស់ទីតាំងត្រូវបានអញ្ជើញឱ្យចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. តាមនីតិវិធី។

មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង និង ខេត្តកំពត តាមរយៈសមត្ថកិច្ចជំនាញ នៅថ្ងៃទី៣១  ខែតុលានេះដែរ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅក្នុងខេត្តរបស់ខ្លួនដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព និងមានហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

យោងតាមលទ្ធនៃការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ទំនិញខូចគុណភាព និងមិនមានអនុលោមភាពចំនួន ២៨.១៥ គីឡូក្រាមត្រូវបានដកហូត និងធ្វើការពិន័យអន្តរការណ៍ផងដែរ៕