ភ្នំពេញ៖ វេលាម៉ោង៩ និង១០នាទី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ ចុះឃាត់ចាប់រថយន្ត២គ្រឿង។
រថយន្តទី១ ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ ២AG -9783 ពណ៌ស ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ ចេញពីប្រទេសវៀតណាមតាមច្រកកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយពុំមានលិខិតអាជ្ញាធរអ្វីទាំងអស់ ។
រថយន្តនេះត្រូវបានក្រុមការងារបានឃាត់ចាប់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ចំណែករថយន្តទី២ពាក់ស្លាកលេខភ្នំពេញ២BA-0453 ពណ៌សំបកឪឡឹក ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ និងស៊ុតសត្វមាន់ ៣០០០គ្រាប់(បីពាន់) គ្រាប់ ដឹកចេញពីប្រទេសវៀតណាមតាមច្រកកោះរកាស្រុកពាមជរខេត្តព្រៃវែងរួចយកទៅចែកចាយក្នុងរាជធានីភ្នំពេញដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ដូចគ្នា (នេះតាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតក្រួចនិងស៊ុតមាន់) ក្រុមការងារបានឃាត់ចាប់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសទាំង២ខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕