ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។
សម្ដេចបវរធិបតីបានជម្រាបជូនអំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។ ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ ដោយយោងលើសក្តានុពលទាំងនេះរបស់កម្ពុជា, សម្ដេចបវរធិបតីបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ជួយជំរុញវិនិយោគិននូវែលហ្សេឡង់ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលហ្សេឡង់”។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងសកលមួយចំនួន ផងដែរ៕



