2025-10-27 20:29
9

ភ្នំពេញ៖ ករណី ផ្ទុះគ្រាប់បែកចង្កោម នៅភូមិបង្គោលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែតុលា កន្លងមក ដែលបណ្តាលឱ្យកុមារម្នាក់ស្លាប់ និងឪពុករងរបួសធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ១៦មករា ជាគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន កម្ពុជា-ថៃ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន  សំដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ នាថ្មីៗនេះ បណ្តាលឲ្យកុមារាម្នាក់ មានឈ្មោះ សឿន សុវណ្ណ អាយុ ១០ឆ្នាំ បានស្លាប់ និងឪពុករបស់កុមារា ឈ្មោះ សៀន ស៊ុន រងរបួសធ្ងន់ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ។

លោក លី ធុជ បានពាំនាំនូវសេចក្តីអាឡោះអាល័យ និងការសោកស្ដាយជាពន់ពេកពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះការបាត់បង់អាយុជីវិតរបស់កុមារា សឿន សុវណ្ណ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះ។ 

អនុប្រធានទី១ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលឱ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។ ជាមួយគ្នានេះ លោកបានណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី។

ទន្ទឹមនោះ លោក លី ធុជ បានគូសបញ្ជាក់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ទាំងចាស់ ទាំងថ្មី ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះទៀតឡើយ៕