2025-10-27 20:32
9

ភ្នំពេញ៖ ទីបំផុត! លោកផ្កាយ១ ប៉េអឹម មានតួនាទីជានាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានប្រើអំពើហិង្សារ ដោយដកកាំភ្លើងខ្លីវាយក្បាលលើនារីម្នាក់ បណ្តាលឱ្យរងរបួស ផ្តើមឡើងបញ្ហាគ្រោះថ្នាក់ចរាចរបន្តិចបន្តួចពេលនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ៖ បទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ សំណុំរឿងលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម មន្ត្រីកងរាជអាវុធហត្ថ ពាក់ព័ន្ធករណី បង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើជនរងគ្រោះម្នាក់ បណ្តាលឱ្យរបួសបែកក្បាល ត្រូវបានតំណាងអយ្យការសម្រេច ចោទប្រកាន់ ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

អ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា «អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ និងដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត»

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កអំពើហិង្សានារីរងគ្រោះម្នាក់ នៅចំណុច មុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ ក្រោយពេលកើតហេតុ ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនបុគ្គលរូបនេះ នាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ ។

មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយឧត្តមសេនីយ៍ត្រី ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះប្រាកដមែន។ កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕