ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វារ ជាង១០នាក់បានស្នើសុំឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ជាង១០ករណី ដែល ពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលា ករណីបាត់គោ និងការសុំបង្ក្រាប ល្បែងស៊ីសងជាដើម។
ការលើកឡើងជាសំណើ និងសំណូមពរ ខាងលើនេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅ ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃពុធ៣រោចខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី ០១ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងផ្សារOCIC ខណ្ឌជ្រោយចង្វារ ។
ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋក៏បានសំណូមពរ ឱ្យអាជ្ញាធរ ជួយដោះស្រាយ រឿងមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញចេញប្លង់រឹងឱ្យ ហើយ ពួកគាត់យកទៅបង់ពន្ធ ខាងពន្ធដារថា មិនត្រឹមត្រូវ ,ពលរដ្ឋសូមជួយដោះស្រាយបញ្ហាលិចលង់ភូមិដ្ឋាន,សូមជួយអន្តរាគមន៍ធ្វើប្លង់រឹងស្របច្បាប់, ពលរដ្ឋអ៊ិស្លាម ស្នើសូមធ្វើអាជីវកម្មនេសាទលក្ខណៈគ្រួសារ បានសមរម្យ , អ្នកគ្រូនៅវិទ្យាល័យព្រែកលាបសូមអាជ្ញារ ជួយដោះ ស្រាយបញ្ហានៅក្នុងសាលា រឿងសាលាទឹកជំនន់, សូមជួយអន្តរាគមន៍រឿងបាត់គោដែល ចោរយកទៅកាប់សាច់, សូមជួយស្ថាបនាផ្លូវ សូមដកបង្គោលភ្លើងនៅកណ្តាលទ្រូងផ្លូវនិង សូមបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិជាដើម ។
រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបាន លោក ឃ្លាំង ហួត និងប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញធ្វើការ ស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ រួចផងដែរ ។
លោក ឃ្លាំង ហួត បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះមានពលរដ្ឋចូលរួមសរុប ចំនួន៥៣៩ នាក់ ស្រី១៣៦នាក់ ផ្ទាល់មាត់ ចំនួន១៤នាក់ ស្មេី១៦ បញ្ហា និងជាលាយល័ក្សអក្សរចំនួន ២៦ច្បាប់ ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ យើងបានស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ ដោយឱ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញពាក់ព័ន្ធចុះធ្វើការដោះស្រាយ ។ ចំពោះសំណើ សុំកសាងហេដ្ឋារចនាសម្ព័ន្ធខ្លះដែលត្រូវប្រើប្រាស់ថវិកាច្រើន លោក សូមឱ្យ បងប្អូនរងចាំសិន នៅពេលមានថវិកាគ្រប់គ្រាន់ ក្នុងនាមរដ្ឋបាល រាជធានីភ្នំពេញ នឹងកសាងជូនភ្លាម។ ដោយឡែកចំពោះ ការស្នើសុំបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិ ករណីនេះ លោកសូមឱ្យកម្លាំងប៉ូលីសខណ្ឌនិងកងរាជអាវុធហត្ថត្រូវចុះបង្ក្រាបភ្លាមៗ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋផងដែរ ៕