2023-11-02 08:37
651

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ផែន ប្រុស អធិការរងទទួលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងលោកវរសេនីយ៍ត្រី សែម វុឌី មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហន ចេញដីកាបញ្ជាឲ្យចូលខ្លួនបំភ្លឺ នៅស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ 

យោងតាមដីកាចេញដោយ លោក អីវ ត្រាយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ បានឃើញ របាយការណ៍លេខ ០០១/០២៣/គ.ញ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្នើសុំដីកាបញ្ហាឲ្យចូលខ្លួនលើបុគ្គលឈ្មោះ ផែន ប្រុស ជាអធិការរងស្រុកភ្នំស្រួច និងឈ្មោះ សែម វុឌី ជាមេប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង ។ 

ក្នុងដីកាបានបញ្ជាក់ថា បានឃើញ មាត្រា៩៤ និងមាត្រា១១៤ នៃក្រុមនីតិវិធីព្រហ្មទណ្ឌ បញ្ជា៖១- ឈ្មោះ សែម វុឌី ជាមេប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្លាប់ទំនាក់ទំនងជាមួយ ជនត្រូវចោទឈ្មោះ ស សារ៉ាន់ (តែងតែទៅយកប្រាក់ពីជនត្រូវចោទឈ្មោះ ស សារ៉ាន់ ជាប្រចាំខ) ចូលបង្ហាញខ្លួនឲ្យបានមុនថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទ ល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ 

ចំពោះការបញ្ជាឲ្យចូលខ្លួននេះ ដើម្បីធ្វើការស្ដាប់ចម្លើយទាក់ទងនឹងបទល្មើសជួញដូរគ្រឿងញៀន (ពាក់ព័ន្ធជាមួយនឹងជន ត្រូវចោទឈ្មោះ ស សារ៉ាន់ ភេទប្រុស ប្រព្រឹត្តនៅចំណុច ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ និងនៅចំណុច ភូមិ៣ ឃុំយាតម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ 
២- -ឈ្មោះ ផែន ប្រុស ជាអធិការរងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ត្រូវជាបងថ្លៃឈ្មោះ ស សារ៉ាន់ ) គឺជាអ្នកផ្តល់ពត៌មានឲ្យជនត្រូវចោទឈ្មោះ សារ៉ាន់ ពេលដែលនគរបាលចុះបង្ក្រាបករណីគ្រឿងញៀនម្តងៗចូលបង្ហាញខ្លួនឲ្យបានមុនថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ចំពោះការបញ្ជាឲ្យចូលខ្លួននេះ ដើម្បីធ្វើការស្ដាប់ចម្លើយទាក់ទងនិងបទល្មើស ជួញដូរគ្រឿងញៀន (ពាក់ព័ន្ទជាមួយនឹងជនត្រូវចោទឈ្មោះ ស សារ៉ាន់ ភេទប្រុស) ប្រព្រឹត្តនៅចំណុច ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ និងនៅចំណុច ភូមិ៣ ឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានបើកការស្រាវជ្រាវមានការពាក់ព័ន្ធនាយទាហានអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ០៦រូប រួមមាន៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលេខេតកំពង់ស្ពឺ ទទួលការងារព្រហ្មទណ្ឌទណ្ឌ, លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច, លោកអនុសេនីយ៍ឯក ពេជ្រ ទីន នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីកងរាជអាវុធហត្ថ ចំនួន ០៣រូបទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលនៃបទល្មើសគ្រឿងញៀន៕